អ៊ីស្រាអែលបន្តវាយប្រហារក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលនឹងបន្តវាយប្រហារទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ូធីនៃចលនាអាន់សារអាល់ឡាហ៍នៅក្នុងប្រទេសយេម៉ែនន។
លោកបានរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន អ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើទីក្រុងសាណាអា ដោយបានសម្លាប់សមាជិករដ្ឋាភិបាលរបស់ក្រុមឧទ្ទាមហ៊ូធី ដែលភាគច្រើននៅភាគខាងកើតប្រទេសយេម៉ែន។ ជាការឆ្លើយតប ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារអាកាសយានដ្ឋានរ៉ាម៉ូន នៅក្បែរទីក្រុងអ៊ីឡាត នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) កាលពីពីរថ្ងៃមុនដោយបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។
ការិយាល័យនាយករដ្ឋមន្ត្រីបានដកស្រង់សម្តីរបស់លោក ណេតាន់យ៉ាហ៊ូ ដែលបាននិយាយថា «នេះមិនបានធ្វើឱ្យការតាំងចិត្តរបស់យើងចុះខ្សោយនោះទេ យើងបានវាយប្រហារពួកគេម្តងទៀតនៅថ្ងៃនេះពីលើអាកាស កន្លែងភេរវកម្មរបស់ពួកគេ មូលដ្ឋានភេរវកម្មរបស់ពួកគេជាមួយនឹងភេរវករជាច្រើន និងកន្លែងផ្សេងទៀត។ យើងនឹងបន្តវាយប្រហារ។ អ្នកណាវាយប្រហារយើង យើងនឹងវាយប្រហារពួកគេវិញ»។
កាលពីថ្ងៃពុធ សេវាសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បានរាយការណ៍អំពីការវាយប្រហារជាបន្តបន្ទាប់ទៅលើប្រទេសយេម៉ែន រួមទាំងរដ្ឋធានីរបស់ប្រទេសនោះផងដែរ។ គោលដៅនៃការវាយប្រហារត្រូវបានកំណត់ថាជាជំរុំយោធារបស់ក្រុមឧទ្ទាមហ៊ូធី ទីស្នាក់ការសេវាព័ត៌មានកងទ័ពរបស់ពួកគេ និងឃ្លាំងផ្ទុកប្រេង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





