កងទាហាន ៤០.០០០នាក់ត្រូវដាក់ពង្រាយនៅតាមព្រំដែនប៉ូឡូញ ដើម្បីឆ្លើយតបនឹងសមយុទ្ធយោធារបស់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញបាននិយាយថា កងទាហានប្រហែល ៤០.០០០នាក់ ដែលកើនឡើងពីមុនដែលមានប្រហែល ១០.០០០នាក់ នឹងត្រូវបានដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងកើតនៃប្រទេសប៉ូឡូញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធា Zapad រវាងរុស្ស៊ី-បេឡារុស្ស ដែលចាប់ផ្តើមធ្វើឡើងនៅប្រទេសបេឡារុស្សនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
លោក សេហ្សារី ថមហ្ស៊ីក (Cezary Tomczyk) បាននិយាយនៅប៉ុស្តិ៍ទូរទស្សន៍ Polsat News កាលពីយប់ថ្ងៃពុធថា «ប្រទេសប៉ូឡូញបានរៀបចំសម្រាប់សមយុទ្ធ Zapad-2025 អស់រយៈពេលជាច្រើនខែមកហើយ។យោធាប៉ូឡូញបានធ្វើសមយុទ្ធដែលមានកងទាហានជាង ៣០.០០០នាក់បានចូលរួម»។
លោក ថមហ្ស៊ីក បាននិយាយថា «កងទាហានប៉ូឡូញ និងអង្គការណាតូ គឺជាតម្រូវការដ៏ចាំបាច់ដើម្បីឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះសមយុទ្ធZapad-2025» លោក ថមហ្ស៊ីក បាននិយាយថា សមយុទ្ធរុស្ស៊ី និងបេឡារុស្ស ត្រូវបានចាត់ទុកថាជាការវាយលុក។ លោកបានបន្ថែមថា"ឲ«នេះគឺជាកន្លែងដែលសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម។ ដូច្នេះហើយយោធាប៉ូឡូញបាននិងកំពុងរៀបចំសម្រាប់រឿងនេះ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងមានកងទាហានប្រហែល ៤០.០០០នាក់នៅតាមព្រំដែន»។
លោក ថមហ្ស៊ីក បាននិយាយបន្តទៀតថា ការរំលោភដែនអាកាសដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ីកាលពីយប់ថ្ងៃទី០៩-១០ខែកញ្ញា កន្លងមក គឺមានទំនាក់ទំនងនឹងសមយុទ្ធយោធា Zapad-2025 នេះ។កាលពីយប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ ដ្រូនចំនួន ១៩គ្រឿងបានឈ្លានពានចូលទៅក្នុងប្រទេសប៉ូឡូញ ហើយត្រូវបានបាញ់ទម្លាក់ដោយសារវាបង្កជាការគំរាមកំហែង។
មួយថ្ងៃបន្ទាប់ពីដ្រូនរបស់រុស្ស៊ីបានរំលោភបំពានលើដែនអាកាសប៉ូឡូញ វិមានក្រឹមឡាំង ក្រសួងការបរទេសរុស្ស៊ី និងក្រសួងការពារជាតិរុស្ស៊ីបានធ្វើការបដិសេធថា ដ្រូនដែលត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសប៉ូឡូញនោះមិនមែនជារបស់យោធារុស្ស៊ីទេ។ផ្ទុយទៅវិញ បេឡារុស្ស បាននិយាយថា ខ្លួនបានជូនដំណឹងដល់ប៉ូឡូញ និងលីទុយអានីរួចរាល់ហើយ អំពីដ្រូនដែល «បានបាត់បង់» ទាំងនោះ។
ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបានសន្យាជួយដល់ប៉ូឡូញឱ្យអភិវឌ្ឍន៍ប្រព័ន្ធព្រមានជាមុនរបស់ខ្លួន ហើយសហភាពអឺរ៉ុបបានថ្កោលទោសចំពោះការរំលោភបំពានដែនអាកាសប៉ូឡូញដោយដ្រូនរបស់រុស្ស៊ី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





