មនុស្ស ៥៧នាក់បានរងរបួសបន្ទាប់ពីរថយន្តដឹកហ្គាសមួយគ្រឿងបានផ្ទុះនៅទីក្រុងម៉ិកស៊ិក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៥៧ នាក់បានរងរបួសបន្ទាប់ពីរថយន្តដឹកហ្គាសមួយគ្រឿងបានផ្ទុះកាលពីថ្ងៃពុធ នៅទីក្រុងម៉ិកស៊ិក ដោយក្នុងនោះ ១៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកស្រី ក្លារ៉ា ប្រ៊ូហ្គាដា ម៉ូលីណា (Clara Brugada Molina) ប្រមុខរដ្ឋាភិបាលនៃរដ្ឋធានីម៉ិកស៊ិក បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវ Zaragoza ក្រោមស្ពាន Concordia ។
លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រឿងនេះបានកើតឡើងនៅម៉ោងប្រហែល ២:២០នាទីរសៀល (ម៉ោងនៅក្នុងស្រុក)នៅពេលដែលរថយន្ដដឹកទំនិញមានចំណុះ ៤៩.៥០០លីត្របានក្រឡាប់ហើយអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នា។
មន្ត្រីដដែលបានបន្តថា គ្រោះថ្នាក់នេះក៏បានប៉ះពាល់ដល់យានយន្តចំនួន ១៨គ្រឿង ហើយអ្នករបួស ១៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ប៉ូលីសបានយាមកន្លែងគ្រោះថ្នាក់ ហើយរបាំងផ្លូវត្រូវបានគេដាក់នៅក្បែរនោះដើម្បីទុកជាវិធានការការពារសន្តិសុខជូនប្រជាពលរដ្ឋ និងរក្សាទុកនៅកន្លែងកើតហេតុក្នុងការធ្វើការស្រាវជ្រាវពីមូលហេតុនៃគ្រោះថ្នាក់នេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





