រដ្ឋមន្ដ្រីការបរទេសហ្ស៊ីមបាវ៉េអបអរសាទរការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិ លោក អាម៉ុន មួវីរ៉ា (Amon Murwira) បាននិយាយកាលពីថ្ងៃអង្គារថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក អេមមឺសុន ណានហ្គាហ្គវ៉ា (Emmerson Mnangagwa) ទៅកាន់ប្រទេសចិនបានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយគណៈរដ្ឋមន្ត្រីនៅទីក្រុងហារ៉ារ៉េ រដ្ឋធានីនៃប្រទេសហ្ស៊ីមបាវ៉េ លោក មួវីរ៉ា បានសាទរចំពោះការកើនឡើងនៃទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយជាមួយនឹងអនាគតរួមគ្នាដោយលោកបាននិយាយថា ជំនួបនេះនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ដោយសរសើរប្រទេសចិនចំពោះគម្រោងវិនិយោគដែលមានគុណភាពខ្ពស់របស់ខ្លួននៅក្នុងប្រទេសហ្ស៊ីមបាវ៉េ លោក មួវីរ៉ា បាននិយាយថា ទីក្រុងហារ៉ារ៉េកំពុងស្វែងរកការពង្រីកពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។លោកបានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុន លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យប្រទេសហ្ស៊ីមបាវ៉េចាប់ផ្តើមនាំចេញផ្លែប៊្លូបឺរីទៅកាន់ទីផ្សារប្រទេសចិន។
លោកបាននិយាយថា «ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅក្នុងពិភពលោកហើយយើងជឿជាក់ថាទំនាក់ទំនងដ៏ស៊ីជម្រៅរបស់យើងជាមួយប្រទេសចិនអាចបង្កើនទ្រព្យសម្បត្តិរបស់ប្រទេសហ្ស៊ីមបាវ៉េ និងចិនរួមគ្នាតែប៉ុណ្ណោះ»។
លោក ណានហ្គាហ្គវ៉ា កាលពីសប្តាហ៍មុនបានចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលភាគីទាំងពីរបានយល់ព្រមបង្កើនទំនាក់ទំនងជាមួយនឹងអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





