នេប៉ាល់លុបចោលការហាមឃាត់ទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានករណីស្លាប់បាតុករ ១៩នាក់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលនេប៉ាល់បានដកបម្រាមរបស់ខ្លួនទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ នៅមួយថ្ងៃបន្ទាប់ពីមន្រ្តីប៉ូលិសបានបាញ់ប្រហារទៅលើហ្វូងក្រុមបាតុករតាមដងផ្លូវដ៏ធំមួយប្រឆាំងនឹងការហាមប្រាមនេះ ដោយបានសម្លាប់មនុស្សចំនួន១៩នាក់។
រដ្ឋបាលខណ្ឌបានចេញបម្រាមគោចរដោយមិនកំណត់នៅក្នុងរដ្ឋធានីកាតាម៉ាន់ឌូ ហើយសាលារៀនត្រូវបានបិទ។ បម្រាមគោចរក៏ត្រូវបានដាក់ចេញផងដែរនៅក្នុងទីក្រុងពីរផ្សេងទៀតដែរ។
បណ្តាញសង្គមជាច្រើនដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រួមទាំងហ្វេសប៊ុក (Facebook) អ៊ិច (X) និងយូធូប (YouTube) ត្រូវបានបិទនៅក្នុងប្រទេសនេប៉ាល់កាលពីសប្តាហ៍មុន បន្ទាប់ពីមិនបានអនុវត្តតាមតម្រូវការថ្មីក្នុងការចុះឈ្មោះ និងដាក់ជូនសម្រាប់ការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ការប្រមូលផ្តុំគ្នាប្រឆាំងនឹងការហាមប្រាមនេះបានផ្ទុះឡើងដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងទីក្រុងកាតាម៉ាន់ឌូ ហើយហ្វូងមនុស្សជាច្រើនបានឡោមព័ទ្ធអគាររដ្ឋសភា មុនពេលមន្រ្តីប៉ូលិសបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។
ហ្វូងមនុស្សបានស្រែកដោយគ្រវីទង់ជាតិថា «បញ្ឈប់ការហាមឃាត់ទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ បញ្ឈប់អំពើពុករលួយ មិនមែនបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ»។ ការប្រមូលផ្តុំគ្នាកាលពីថ្ងៃច័ន្ទ ត្រូវបានគេហៅថាជាការតវ៉ារបស់ក្រុមយុវជនជំនាន់ Z (Gen Z) ដែលជាទូទៅសំដៅទៅលើមនុស្សដែលកើតនៅចន្លោះឆ្នាំ១៩៩៥ និងឆ្នាំ២០១០៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





