នាយករដ្ឋមន្ត្រីនេប៉ាល់លាលែងពីដំណែងបន្ទាប់ពីមនុស្ស ១៩នាក់សម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីនេប៉ាល់បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ខណៈដែលការតវ៉ាប្រឆាំងនឹងការហាមឃាត់រយៈពេលខ្លីទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានអំពើហិង្សា និងបានពង្រីកទៅជាការរិះគន់យ៉ាងទូលំទូលាយលើរដ្ឋាភិបាលរបស់លោក និងការចោទប្រកាន់ពីអំពើពុករលួយក្នុងចំណោមឥស្សរជននយោបាយរបស់ប្រទេសមួយនេះ។
បាតុកម្មដែលដឹកនាំដោយយុវជនដែលមានការខឹងសម្បានឹងការបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួននោះ បានកើតឡើងនៅទូទាំងរដ្ឋធានីរបស់ប្រទេសនេះនៅមួយថ្ងៃមុន ហើយប៉ូលិសបានបើកការបាញ់ប្រហារលើហ្វូងបាតុករ ដោយបានសម្លាប់មនុស្សចំនួន ១៩នាក់។
ការហាមឃាត់នេះត្រូវបានដកចេញកាលពីថ្ងៃអង្គារ ប៉ុន្តែការតវ៉ានៅតែបន្ត ដោយក្រុមបាតុករបានដុតផ្ទះរបស់មេដឹកនាំកំពូលមួយចំនួនរបស់ប្រទេសនេប៉ាល់ និងអគាររដ្ឋសភា។ អាកាសយានដ្ឋានក្នុងរដ្ឋធានីកាតាម៉ាន់ឌូត្រូវបានបិទ ហើយឧទ្ធម្ភាគចក្រកងទ័ពបានបញ្ជូនរដ្ឋមន្ត្រីមួយចំនួនទៅកាន់កន្លែងមានសុវត្ថិភាព។
នៅពេលដែលមានការតវ៉ាកាន់តែខ្លាំងឡើង នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខាដហ្កា ប្រាសាដ អូលី (Khadga Prasad Oli) បាននិយាយថាលោកនឹងចុះចេញពីតំណែងភ្លាមៗ។
បាតុកម្មដែលហៅថាការតវ៉ារបស់ក្រុមយុវជនជំនាន់ Z (Gen Z) នោះ បានចាប់ផ្តើមកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានបិទវេទិកាផ្សព្វផ្សាយសង្គមមួយចំនួន ដែលរួមមានទាំងហ្វេសប៊ុក (Facebook) អ៊ិច (X) និងយូធូប(YouTube) ជាដើម ដោយរដ្ឋាភិបាលបាននិយាយថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមទាំងនោះបានបរាជ័យក្នុងការចុះឈ្មោះ និងដាក់ជូននូវការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ប៉ុន្តែ សូម្បីតែបន្ទាប់ពីគេហទំព័រទាំងនោះត្រលប់មកបណ្តាញអ៊ីនធឺណេតវិញហើយក៏ដោយ ក៏ការប្រមូលផ្តុំគ្នានៅតែបន្ត ដែលជំរុញដោយកំហឹងចំពោះការស្លាប់របស់ក្រុមបាតុករដោយស្នាដៃមន្រ្តីប៉ូលិស។
ជាពិសេស ក្រុមយុវជនជាច្រើនមានការខឹងសម្បារដែលកូនរបស់មេដឹកនាំនយោបាយ មួយចំនួនដែលហៅថា កុមារ Nepo ហាក់ដូចជាចូលចិត្តរបៀបរស់នៅបែបប្រណិត និងទទួលបានអត្ថប្រយោជន៍ជាច្រើនខណៈដែលយុវជនភាគច្រើនកំពុងតស៊ូស្វែងរកការងារធ្វើ។ ជាមួយនឹងភាពអត់ការងារធ្វើរបស់យុវជនស្ថិតនៅកម្រិត ២០% កាលពីឆ្នាំមុន ដោយយោងតាមធនាគារពិភពលោក បានឱ្យដឹងថា រដ្ឋាភិបាលនេប៉ាល់ប៉ាន់ប្រមាណថាយុវជនជាង ២.០០០នាក់បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការងារនៅមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





