យ៉ាងហោចណាស់មនុស្ស ១៦នាក់ស្លាប់នៅក្នុងប្រទេសនេប៉ាល់ ក្នុងហេតុការណ៍បាតុកម្មជុំវិញការដាក់បម្រាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- យ៉ាងហោចណាស់បាតុករ១៦នាក់ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ នៅពេលដែលប៉ូលិសនេប៉ាល់បានបំបែកហ្វូងក្រុមបាតុករវ័យក្មេងនៅក្នុងទីក្រុងកាតាម៉ាន់ឌូ ដោយទាមទារឱ្យរដ្ឋាភិបាលលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន និងដោះស្រាយអំពើពុករលួយ។
គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលរួមមានទាំងហ្វេសប៊ុក (Facebook) យូធូប (YouTube) និងអ៊ិច (X) មិនអាចចូលដំណើរការបាននៅក្នុងប្រទេសនេប៉ាល់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលបានបិទវេទិកាដែលមិនបានចុះឈ្មោះចំនួន២៦ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការខឹងសម្បា និងភ័ន្តច្រលំ។
មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវ ហើយត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងដំបងឆក់ពីប៉ូលិស នៅពេលដែលក្រុមបាតុករបានរុញច្រានកាត់លួសបន្លាចូលទៅក្នុងតំបន់ហាមឃាត់នៅជិតរដ្ឋសភានេប៉ាល់។
លោកស្រី រ៉ាន់ចាណា នេប៉ាល់ (Ranjana Nepal) មន្ត្រីព័ត៌មាននៅមន្ទីរពេទ្យដែលបានទទួលអ្នករបួសជាច្រើននាក់នោះបាននិយាយថា «ខ្ញុំមិនដែលឃើញស្ថានភាពដ៏គួរឱ្យរំខានបែបនេះនៅមន្ទីរពេទ្យនោះទេ»។
លោកស្រីបាននិយាយថា «ឧស្ម័នបង្ហូរទឹកភ្នែកក៏បានចូលទៅក្នុងតំបន់មន្ទីរពេទ្យផងដែរ ដែលធ្វើឱ្យក្រុមគ្រូពេទ្យពិបាកធ្វើការយ៉ាងខ្លាំង»។
លោក សេខា ខាណាល់ (Shekhar Khanal) អ្នកនាំពាក្យមន្រ្តីប៉ូលិសនៅទីក្រុងកាតាម៉ាន់ឌូ បាននិយាយថា «មនុស្ស ១៦នាក់បានស្លាប់យ៉ាងសោកសៅ ហើយប្រហែលមួយរយនាក់កំពុងស្ថិតក្រោមការព្យាបាលដែលរួមមានទាំងមន្រ្តីប៉ូលិសផងដែរ»។
រដ្ឋបាលស្រុកបានដាក់បម្រាមគោចរនៅក្នុងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង រួមទាំងតំបន់រដ្ឋសភា លំនៅដ្ឋានប្រធានាធិបតី និងតំបន់Singha Durbar ដែលជាទីស្នាក់ការរបស់នាយករដ្ឋមន្ត្រី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





