ប្រទេសឥណ្ឌូណេស៊ីតែងតាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបានធ្វើការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Mulyani Indrawati) ត្រូវបានដកចេញ ហើយលោក ភើបាយ៉ា យុដហ៊ី សាដេវ៉ា (Purbaya Yudhi Sadewa) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជំនួសវិញ។
លោក ភើបាយ៉ា បានដឹកនាំសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើឥណ្ឌូណេស៊ី ចាប់តាំងពីឆ្នាំ២០២០ មក។ នៅពេលមុននោះ លោកបានកាន់មុខតំណែងជាច្រើននៅក្នុងក្រសួងមួយចំនួន រួមទាំងតំណែងជាអនុរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងការវិនិយោគ។ លោកក៏ធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Danareksa Securities ផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលកាន់តំណែង លោក ភើបាយ៉ា បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨% គឺមិនមែនថាមិនអាចទៅរួចនោះទេ។ លោកបានសន្យាជំរុញទាំងវិស័យឯកជន និងសាធារណៈឱ្យដើរតួនាទីកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ច។
ការរុះរើគណៈរដ្ឋមន្រ្តីដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានកើតឡើងនៅរយៈពេលពីរសប្តាហ៍បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេស និងភាពចលាចលដែលទាមទារឱ្យមានកំណែទម្រង់ពន្ធ ដើម្បីធានាបាននូវភាពយុត្តិធម៌កាន់តែប្រសើរឡើង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





