ឥណ្ឌូណេស៊ីជំរុញឱ្យឧស្សាហកម្មចំណីសត្វរក្សាស្ថិរភាពតម្លៃដើម្បីការពារកសិករ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រសួងកសិកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យក្រុមហ៊ុនចំណីសត្វចៀសវាងការឡើងថ្លៃ ចំពេលដែលមានការកើនឡើងថ្លៃដើមផលិតកម្មនៅក្នុងមជ្ឈមណ្ឌលសំខាន់ៗមួយចំនួន ដែលមានសក្តានុពលក្នុងការដាក់បន្ទុកទៅលើកសិករចិញ្ចឹមសត្វទាំងប្រតិបត្តិការតូច និងធំ។
លោក អាហ្គុង ស៊ូហ្កាន់ដា (Agung Suganda) អគ្គនាយកបសុសត្វនិងសុខភាពសត្វនៃក្រសួងកសិកម្ម បាននិយាយថា វិធានការប្រុងប្រយ័ត្នជាបន្តបន្ទាប់កំពុងត្រូវបានដាក់ចេញ។ ទាំងនេះរួមបញ្ចូលនូវការជំរុញឱ្យឧស្សាហកម្មរក្សាស្ថិរភាពតម្លៃ ការធ្វើផែនទីកសិករបសុបក្សីដែលមានសិទ្ធិទទួលបានទុនបម្រុងពោតរបស់រដ្ឋាភិបាល និងការសម្របសម្រួលកិច្ចសន្ទនារវាងកសិករ និងអ្នកផ្គត់ផ្គង់។
ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ពោត ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ចំណីសត្វ ក្រសួងបានចាប់ផ្តើមការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលផ្សេងទៀត រួមទាំងទីភ្នាក់ងារស្បៀងអាហារជាតិ ដើម្បីធានាការចែកចាយដោយរលូន និងទប់ស្កាត់ការស្តុកទុកដែលអាចបង្កគ្រោះថ្នាក់ដល់កសិករ។
លោក ស៊ូហ្កាន់ដា បានសង្កត់ធ្ងន់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន សមាគមបសុសត្វ និងអ្នកពាក់ព័ន្ធ មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងតម្លៃ ធានាការផ្គត់ផ្គង់ និងធានាថាសាធារណៈជនអាចទទួលបានផលិតផលបសុបក្សីក្នុងតម្លៃសមរម្យ។
លោកបាននិយាយបន្ថែមថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃរបៀបវារៈស្វ័យគ្រប់គ្រាន់ស្បៀងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អេនឌី អាំរ៉ាន់ ស៊ូឡៃមេន (Andi Amran Sulaiman)។
សេដ្ឋវិទូបានកត់សម្គាល់ថា ស្ថិរភាពតម្លៃចំណីសត្វនឹងមិនត្រឹមតែការពារដល់ប្រាក់ចំណូលរបស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ទល់ដល់អតិផរណាអាហារផងដែរ ដោយសារទំនិញនេះមានចំណែកដ៏សំខាន់នៃសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់។ ដូច្នេះ ការរក្សាតម្លៃចំណីសត្វ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការធានាសន្តិសុខស្បៀង និងគាំទ្រដល់ការស្វែងរកកំណើនប្រកបដោយចីរភាពរបស់សេដ្ឋកិច្ចក្រោមកម្មវិធីឥណ្ឌូណេស៊ីមាសឆ្នាំ២០៤៥៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





