ពាណិជ្ជកម្មអាស៊ាន-ចិនមានប្រមាណ ៦០០ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ៧ខែ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ពាណិជ្ជកម្មរវាងអាស៊ាន និងចិនបានឈានដល់តម្លៃ ៥៩៧ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ៨,២% ពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង១៦,៧% នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិនក្នុងអំឡុងពេលនេះ។នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក យ៉ាន ដុង (Yan Dong) បាននិយាយថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានសម្រាប់រយៈពេល ១៦ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា។
នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសចិនជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងសិង្ហបុរី នីមួយៗមានលើសពី១០០ពាន់លានដុល្លារអាម៉េរិក។ ជាពិសេស ពាណិជ្ជកម្មជាមួយវៀតណាមនិងម៉ាឡេស៊ី ដែលកើនលើសពី ២០០ពាន់លានដុល្លារអាម៉េរិក។
លោកបាននិយាយថា កិចច្ចចរចាលើកំណែ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA 3.0) ត្រូវបានបញ្ចប់ ដែលនេះជាលើកទីមួយហើយដែលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូលំទូលាយត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ទាំង «ការតភ្ជាប់រឹង» នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង «ការតភ្ជាប់ទន់» នៅក្នុងផ្លូវច្បាប់ និងស្តង់ដារ រួមជាមួយនឹងបទប្បញ្ញត្តិដែលត្រូវបានធ្វើឱ្យប្រសើរឡើង។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការ និងការកើនឡើងនូវអត្ថប្រយោជន៍ស្ថាប័ននៃការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ វិសាលភាពនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ចិន-អាស៊ាន ត្រូវបានពង្រីកជាបន្តបន្ទាប់និងកាន់តែស៊ីជម្រៅ។
លោក យ៉ាន បាននិយាយបន្ថែមថា ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន(CAEXPO) លើកទី២២ នឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ជូង របស់ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៥ ដោយនឹងមានអ្នកចូលរួមតាំងពិព័រណ៍ប្រហែល ៣.២០០ មកពី ៤៥ប្រទេស។ កម្មវិធី CAEXPO ឆ្នាំនេះនឹងមានកន្លែងតាំងពិពណ៌ថ្មីៗដែលរួមមានទាំងបញ្ញាសិប្បនិម្មិត (AI) ផលិតផលដែលមានគុណភាពថ្មីសេដ្ឋកិច្ចពណ៌ខៀវ និងផលិតផលពាណិជ្ជកម្មបរទេសលំដាប់ថ្នាក់ខ្ពស់ ដែលបង្ហាញពីសមិទ្ធិផលចុងក្រោយបង្អស់ក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ានផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





