ម៉ាឡេស៊ីចេញការប្រកាសអាសន្នសុវត្ថិភាពនៅរោងចក្រឧស្ម័ន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលម៉ាឡេស៊ីបានចេញបទបញ្ជាបន្ទាន់មួយដើម្បីរឹតបន្តឹងសន្តិសុខនៅគ្រប់រោងចក្រឧស្ម័នធម្មជាតិរាវ(LNG) នៅក្នុងទីក្រុងប៊ីនទូលូ រដ្ឋសារ៉ាវ៉ាក់ បន្ទាប់ពីរកឃើញការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរដែលកំណត់គោលដៅទៅលើទីតាំងទាំងនោះ។
ក្រុមប្រឹក្សាសន្តិសុខជាតិ (MKN) កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥បានបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានអំពីបញ្ហានេះ ហើយបានបញ្ជាឱ្យប្រតិបត្តិករទាំងអស់នៅក្នុងតំបន់នេះបង្កើនពិធីសារសុវត្ថិភាព ខណៈដែលការស៊ើបអង្កេតកំពុងត្រូវបានអនុវត្ត។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សា MKN បានណែនាំដល់រោងចក្រ LNG ទាំងអស់នៅក្នុងទីក្រុងប៊ីនទូលូ ឱ្យបង្កើនការគ្រប់គ្រងសន្តិសុខភ្លាមៗនៅលើមូលដ្ឋានបណ្តោះអាសន្ន។
នេះ គឺដើម្បីឱ្យកម្លាំងសន្តិសុខ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេតភ្លាមៗចំពោះការគំរាមកំហែងនេះ។
ក្រុមប្រឹក្សាក៏បានដាស់តឿនដល់សាធារណជនកុំឱ្យមានការប៉ាន់ស្មានទៅលើបញ្ហានេះ ដោយធានាថា ព័ត៌មានថ្មីៗអំពីស្ថានភាពនឹងត្រូវបានចេញផ្សាយក្នុងពេលសមស្រប។
សេចក្តីថ្លែងកាណ៍នោះបាននិយាយថា ភ្នាក់ងារសន្តិសុខជាតិនៅតែមានការប្រុងប្រយ័ត្នហើយបានដាក់វិធានការត្រួតពិនិត្យដើម្បីដោះស្រាយការគំរាមកំហែង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





