អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- តុលាការកំពូលរបស់ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ត្រូវត្រឡប់ចូលពន្ធនាគារវិញ និងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
តុលាការបានចេញសាលដីកាសម្រេចរបស់ខ្លួនក្នុងការពិនិត្យមើលឡើងវិញថា តើការស្នាក់នៅរបស់លោក ថាក់ស៊ីន នៅក្នុងបន្ទប់ឯកជននៃមន្ទីរពេទ្យប៉ូលិសពីឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ ត្រូវបានរាប់ជាពេលវេលាដែលត្រូវកាត់ទោសដាក់ពន្ធនាគារមុនដែរឬក៏អត់។
លោក ថាក់ស៊ីន ដែលទើបត្រឡប់មកពីប្រទេសឌូបៃវិញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានមានវត្តមាននៅតុលាការដើម្បីស្តាប់សាលដីកានេះ អមដោយមេធាវីផ្ទាល់ខ្លួន និងសមាជិកគ្រួសារជាច្រើននាក់ រួមទាំងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលទើបតែត្រូវបានដកចេញពីតំណែងផងដែរ។
តុលាការកំពូលបានសម្រេចថា លោក ថាក់ស៊ីន ត្រូវតែត្រឡប់ទៅកាន់ពន្ធនាគារវិញ ដើម្បីអនុវត្តទោសឱ្យបានពេញមួយឆ្នាំ ដោយមិនមានការកាត់កងសម្រាប់រយៈពេល ១២០ថ្ងៃដែលលោកបានចំណាយពេលទទួលការព្យាបាលនៅមន្ទីរពេទ្យទូទៅនោះទេ។
ចៅក្រមបាននិយាយថា លោក ថាក់ស៊ីន មិនមានជំងឺធ្ងន់ធ្ងរទេ ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកមិនអាចរាប់បញ្ចូលជារយៈពេលនៃការទទួលទោសបានទេ ដោយចៅក្រមបាននិយាយបន្ថែមថា ការទទួលខុសត្រូវមិនមែនជាការកុហកជាមួយក្រុមគ្រូពេទ្យនោះទេហើយថាអតីតនាយករដ្ឋមន្ត្រីរូបនេះមានចេតនាពន្យារការស្នាក់នៅមន្ទីរពេទ្យរបស់លោក។
ដើមឡើយ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំកាលពីក្នុងឆ្នាំ២០២៣ ពីបទក្លែងបន្លំ និងរំលោភអំណាចក្រោយពីការវិលត្រឡប់ទៅប្រទេសថៃវិញយ៉ាងភ្ញាក់ផ្អើលបន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។ ទោសនោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដោយស្តេចថៃ ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ហើយក្រោយមក លោកត្រូវបានដោះលែងមុនកាលកំណត់ដោយសារកត្តាអាយុរបស់លោក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





