ក្រុមឈើតុំខេត្តពោធិ៍សាត់បន្តឈរលើកំពូលតារាងពូល ឃ ពានសម្តេចតេជោ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រុមឈើតុំខេត្តពោធិ៍សាត់បន្តរក្សាដំណែងលើកំពូលតារាងដដែល ក្នុងពូល ឃ បន្ទាប់ពីរកបាន១ពិន្ទុបន្ថែមជាមួយក្រុមបាត់ដំបងបូណៃធីត ដោយលទ្ធផល ១-១ ក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល ឃ សប្តាហ៍ទី៨ កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាកខេត្ត រដូវកាល ២០២៥-២០២៦។
ចំពោះ១ប្រកួតទៀត ក្នុងពូល ឃ នេះដែរ គឺក្រុមខេត្តបន្ទាយមានជ័យប្រជែងបាន៣ពិន្ទុពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ៦-១។ ឆ្លងកាត់៤ប្រកួត ក្រុមឈើតុំខេត្តពោធិ៍សាត់ ឈ្នះ២ និងស្មើ២ មាន៨ពិន្ទុ ឈរលេខ១ ក្នុងពូល ឃ នេះ ខណៈ៤ប្រកួតរបស់ក្រុមបាត់ដំបងយូណៃធីត ឈ្នះ១ ស្មើ២ និងចាញ់១ មាន៥ពិន្ទុ ធ្លាក់មកឈរនៅលេខវិញ។ រីឯ៣ប្រកួតរបស់ក្រុមខេត្តបន្ទាយមានជ័យ ឈ្នះ១ ស្មើ២ មាន៥ពិន្ទុដែរហក់មកឡើងឈរនៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នវិញ ស្របពេលដែល ៣ប្រកួតរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ចាញ់ទាំង៣ប្រកួត ឈរលេខ៤ ក្នុងចំណោម៤ក្រុមក្នុងពូល ឃ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ មានក្រុមតំណាងរាជធានីខេត្តសរុប ១៩ក្រុមចូលរួម ដោយចែកចេញជា៥ពូល ហើយដំណើរការប្រកួតវគ្គជម្រុះក្នុងពូលទាំង៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមទាំង១៩ ក្នុងពូលទាំង៥ ត្រូវប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលរៀងៗខ្លួន ចំនួន២ជើង ក្នុងដី និងក្រៅដី ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ក្រុមជ័យលាភីថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតជម្រុះបន្តជាមួយក្រុមនានាដែលកំពុងឈរជើងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឬជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ១១ក្រុម ហៅថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕




ក្រុមឈើតុំខេត្តពោធិ៍សាត់ Vs ក្រុមបាត់ដំបងបូណៃធីត ១-១



ក្រុមខេត្តបន្ទាយមានជ័យ Vs មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ៦-១
ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





