ក្រុម U23 កម្ពុជា ស្មើ អ៊ីរ៉ាក់ ០-០ ឈរលេខ២ ប៉ុន្តែមិនឡើងជុំផ្តាច់ព្រ័ត្រទេ AFC U23 Asian Cup Saudi Arabia 2026
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំរក្សាបានលទ្ធផលស្មើគ្នា ០ទល់០ ជាមួយក្រុមខ្លាំង U23 អ៊ីរ៉ាក់ ប្រចាំពូល G នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល G AFC U23 Asian Cup Saudi Arabia 2026 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយ១ពិន្ទុបន្ថែមនេះបានធ្វើឱ្យក្រុម U23 កម្ពុជា រក្សាដំណែងលេខ២ ប៉ុន្តែក្រុមU23 កម្ពុជាមិនបា នឡើងទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រនោះឡើយ ដោយមិនបានជាប់ក្នុងដំណែងលេខ២ល្អផ្តាច់គេនោះដែរ។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ វគ្គជម្រុះប្រចាំពូល G នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ក្រុម U23 កម្ពុជា ក្រោមការដឹកនាំរបស់លោក KOJI GYOTOKU បានប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំង អ៊ីរ៉ាក់ ដោយលទ្ធផល ០ទល់០ នៅក្នុងការប្រកួតពេញម៉ោង ៩០នាទី។ ឆ្លងកាត់៣ប្រកួតដូចៗគ្នា ដោយបានបញ្ចប់នៃវគ្គសន្សំពិន្ទុនេះ គឺក្រុមU23 អ៊ីរ៉ាក់ ឈរលេខ១ ក្រោយឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ បានឡើងទៅជុំផ្តាច់ព្រ័ត្រ ដែលមាន១៦ក្រុមចុងក្រោយ ខណៈក្រុម U23 កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ប្រកួតជាមួយក្រុម U23 ប៉ាគីស្ថាន ១-០ និងស្មើ២ប្រកួតជាមួយក្រុម អូម៉ង់ ០-០ និងអ៊ីរ៉ាក់ ០-០។ ចំពោះក្រុមអូម៉ង់ ឈរលេខ២ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ ខណៈក្រុមប៉ាគីស្ថាន ឈរលេខ៤ មាន ០ពិន្ទុ ដោយចាញ់ទាំង៣ប្រកួត។

សម្រាប់លទ្ធផលរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា អាចចាត់ទុកថាជាសមិទ្ធផលល្អថ្មីមួយជាកំណត់ត្រាប្រវត្តិសាស្ត្រ ដោយអាចឈរលេខ២ ក្នុងចំណោម៤ក្រុមប្រចាំពូល G ដោយឈ្នះ១ប្រកួត និងស្មើ២ប្រកួត។ យ៉ាងណាក្រុម U23 កម្ពុជា មិនបានឡើងទៅជុំផ្តាច់ព្រ័ត្រ ដែលមាន១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026។

គួរបញ្ជាក់ថា វគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 មាន៤៤ក្រុមចូលរួម ដោយចែកចេញជា១១ពូល ដោយដំណើរការប្រកួតពីថ្ងៃទី០៣-០៩ ខែកញ្ញា ឆ្នាំ២០២៥ ដូចៗគ្នា ដែលមានម្ចាស់ផ្ទះ១១ប្រទេស ទទួលរៀបចំធ្វើម្ចាស់ផ្ទះក្នុងពូលរៀងៗខ្លួន។ ក្រោយការបញ្ចប់ការប្រកួតវគ្គចែកពូលនេះ គឺគេបានរកឃើញក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ ស្មើនឹង១១ក្រុម បូករួមនឹងក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេចំនួន៤ក្រុមទៀត (១៥ក្រុម) បានកក់កៅអីឡើងទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៦ ជាមួយក្រុម U23 អារ៉ាប់ប៊ីសាអូឌីត ដែលឈររង់ចាំស្រាប់ក្នុងនាមជាម្ចាស់ផ្ទះនៅជុំផ្តាច់ព្រ័ត្រ ដែលមានបេក្ខភាពសរុប ១៦ក្រុម៕



ដោយ ហេង ណាលីន (រូបភាព៖ FFC)





