ប្រធានាធិបតីលីទុយអានី និងប៉ូឡូញពិភាក្សាអំពីទំនាក់ទំនង និងសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីលីទុយអានី បាននិយាយថា ប្រធានាធិបតីលីទុយអានី លោក ជីតាណាស់ នូសេដា (Gitanas Nauseda) បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក ការ៉ូល ណាវរ៉ុគី (Karol Nawrocki) ដែលកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃចន្ទ ដោយកិច្ចពិភាក្សាផ្តោតលើរបៀបវារៈទ្វេភាគី និងសន្តិសុខក្នុងតំបន់។
ប្រធានាធិបតីលីទុយអានីបាននិយាយថា «ការសម្រេចចិត្តរបស់មេដឹកនាំប៉ូឡូញក្នុងការមកទស្សនកិច្ចនៅទីក្រុងវីលនីស ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកបន្ទាប់ពីការចូលកាន់តំណែងដែលបង្ហាញពីចំណងមិត្ដភាពពិសេសរវាងប្រទេសរបស់យើង» ដោយលោកបានបន្ថែមថា ប្រទេសប៉ូឡូញគឺជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្រទេសលីទុយអានីនៅក្នុងតំបន់។ ការគាំទ្រចំពោះប្រទេសអ៊ុយក្រែនក៏ត្រូវបានពិភាក្សាផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





