បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ពិភាក្សាគ្នាអំពីនីតិវិធីប្រឆាំងនឹងវិធានការពាណិជ្ជកម្មឯកតោភាគី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ការិយាល័យរបស់ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញតាមប្រព័ន្ធអនឡាញកាលពីថ្ងៃចន្ទ បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) បានពិភាក្សាគ្នាអំពីនីតិវិធីសម្រាប់ការទប់ទល់នឹងវិធានការឯកតោភាគីនៅក្នុងវិស័យពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «កិច្ចប្រជុំក៏បានផ្តល់ឱកាសដើម្បីផ្លាស់ប្តូរទស្សនៈគ្នាអំពីរបៀបទប់ទល់នឹងហានិភ័យដែលទាក់ទងនឹងការពង្រឹងវិធានការឯកតោភាគី រួមទាំងពាណិជ្ជកម្មអន្តរជាតិ និងរបៀបពង្រីកយន្តការសម្រាប់សាមគ្គីភាព ការសម្របសម្រួល និងពាណិជ្ជកម្មក្នុងចំណោមប្រទេសប្រ៊ីកស៍ផងដែរ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកចូលរួមនៃកិច្ចប្រជុំកំពូលបានឈានដល់ការឯកភាពគ្នាទៅលើតម្រូវការដើម្បីឆ្ពោះទៅរកសណ្តាប់ធ្នាប់អន្តរជាតិកាន់តែត្រឹមត្រូវ មានតុល្យភាព និងបរិយាប័ន្ន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





