ទីភ្នាក់ងារ IAEA សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ស្តីពីការបន្តការងារពេញលេញឡើងវិញក្នុងពេលឆាប់ៗ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វាអ៊ែល ហ្រ្កូសស៊ី (Rafael Grossi) បាននិយាយនៅក្នុងពិធីបើកសម័យប្រជុំទៀងទាត់មួយរបស់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារ IAEA ថា ទីភ្នាក់ងារ IAEA រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្ដារវត្តមានពេញលេញរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសនេះ។
លោកបាននិយាយថា «វាគឺជាក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្ររបស់ខ្ញុំថាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ វានឹងអាចឈានដល់ការសន្និដ្ឋានមួយប្រកបដោយជោគជ័យនៃកិច្ចពិភាក្សា ដើម្បីជួយសម្រួលដល់ការបន្តការងារដែលមិនអាចខ្វះបានរបស់យើងជាមួយអ៊ីរ៉ង់»។
លោក ហ្រ្កូសស៊ី បាននិយាយបន្ថែមថា ប្រសិនបើគ្មានការត្រឡប់មកវិញនូវការត្រួតពិនិត្យពេញលេញរបស់ទីភ្នាក់ងារ IAEA នោះទេ អង្គការនេះនឹងមិនស្ថិតក្នុងទីតាំងមួយដើម្បីផ្តល់នូវការសន្និដ្ឋាន ឬការធានាណាមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។ លោកបានអំពាវនាវឱ្យមានការលម្អិតយ៉ាងឆាប់រហ័សនៃក្របខ័ណ្ឌសម្រាប់ការចាប់ផ្តើមឡើងវិញដ៏ទូលំទូលាយនៃការងាររបស់ទីភ្នាក់ងារ IAEA នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលសមស្របសម្រាប់ភាគីទាំងពីរ។
នៅយប់ថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ សាធារណៈរដ្ឋអ៊ីស្លាមមួយនេះក៏បានធ្វើការវាយប្រហារសងសឹកវិញ។ សហរដ្ឋអាមេរិកបានចូលទៅក្នុងជម្លោះនេះនៅថ្ងៃទី២២ ខែមិថុនា ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅអ៊ីសហ្វាហាន់ ណាតាន់ហ្ស៍ និងហ្វូដូវ។ នៅថ្ងៃបន្ទាប់ អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាសអាម៉េរិក អាល់-យូឌែត ក្នុងប្រទេសកាតា ដែលជាទីតាំងដ៏ធំបំផុតនៅមជ្ឈិមបូព៌ា។បន្ទាប់មក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាបង្កើតបទឈប់បាញ់ ដោយវាបានចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។
កង្វះខាតនៃការថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយទីភ្នាក់ងារIAEA បានបង្កឱ្យមានការរិះគន់ពីអ៊ីរ៉ង់។ កាលពីថ្ងៃទី០២ ខែកក្កដាប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA និងការត្រួតពិនិត្យទាំងអស់នៅរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិគ្រោះយោបល់លើលក្ខខណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការក្រោមច្បាប់ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





