បណ្តាក្រុមហ៊ុនទាំងតូច និងធំរបស់សហរដ្ឋអាមេរិកត្រៀមខ្លួនវិលទៅទីផ្សាររុស្ស៊ីវិញ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- បណ្តាក្រុមហ៊ុនធុរកិច្ចទាំងធំនិងតូចរបស់សហរដ្ឋអាមេរិកត្រូវបានរៀបចំឱ្យវិលត្រឡប់ទៅកាន់ទីផ្សាររុស្ស៊ីវិញ នៅពេលដែលបញ្ហានយោបាយបច្ចុប្បន្នត្រូវបានដោះស្រាយ។ នេះបើយោងតាមបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លោក បូរីស ទីតូវ (Boris Titov) បានប្រាប់សារព័ត៌មានតាសស៍ (TASS) នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF)។
លោក ទីតូវ បាននិយាយនៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃក្រុមហ៊ុនសាជីវកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលនឹងវិលត្រលប់ទៅទីផ្សាររុស្ស៊ីវិញថា «ជាការពិតណាស់ មានការរំពឹងទុកដូច្នេះ។ ប៉ុន្តែអ្វីៗទាំងអស់អាស្រ័យទៅលើរបៀបដែលយើងដោះស្រាយបញ្ហាដែលនៅមាននៅក្នុងរបៀបវារៈសព្វថ្ងៃ ដោយយល់ឃើញពីស្ថានភាពនយោបាយបច្ចុប្បន្ន»។
លោក ទីតូវ បានបង្ហាញទំនុកចិត្តថា នៅពេលដែលបញ្ហានយោបាយត្រូវបានដោះស្រាយ ការយោគយល់គ្នាទៅវិញទៅមកអាចសម្រេចបានដោយសារគោលនយោបាយប្រកបដោយការប្រុងប្រយ័ត្ន និងមានតុល្យភាពនៃភាពដឹកនាំរបស់ប្រទេសទាំងពីរ។ បេសកជនពិសេសរបស់ប្រធានាធិបតីរូបនេះបានសន្និដ្ឋានថា «ហេតុដូច្នេះហើយ បណ្តាក្រុមហ៊ុនរបស់អាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រឡប់មកប្រទេសរុស្ស៊ីវិញ ទាំងធំ និងតូច ប៉ុន្តែគឺបន្ទាប់ពីបញ្ហានេះត្រូវបានដោះស្រាយ។ ខ្ញុំសង្ឃឹមថាវានឹងត្រូវបានដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ»។
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១០ បានប្រព្រឹត្តទៅនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុកចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ចុងបូព៌ា៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាព»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





