មហាសន្និបាតអង្គការសហប្រជាជាតិសម្រេចបន្តសន្និសិទអន្តរជាតិកម្រិតខ្ពស់ឡើងវិញ ស្តីពីដំណោះស្រាយរដ្ឋពីរ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្របានសម្រេចចិត្តបន្តសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពីដំណោះស្រាយរដ្ឋពីរ នៅថ្ងៃទី២២ខែកញ្ញា ដោយធ្វើឱ្យដំណើរការឡើងវិញនូវដំណើរការដែលត្រូវបានផ្អាកនៅរដូវក្តៅនេះ ចំពេលមានការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ា។
មហាសន្និបាតបានអនុម័តទៅលើសេចក្តីសម្រេចដែលត្រូវបានស្នើឡើងដោយផ្ទាល់មាត់ដោយអារ៉ាប៊ីសាអូឌីត ស្តីពីការបន្តឡើងវិញនៃសន្និសីទអន្តរជាតិកម្រិតខ្ពស់សម្រាប់ការដោះស្រាយដោយសន្តិភាពនៃបញ្ហាប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋពីរ។
បន្ទាប់ពីការអនុម័តសេចក្តីសម្រេចនេះហើយ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានប្រកាសផ្តាច់ខ្លួនចេញពីវា ដោយនិយាយថា ការបន្តនៃសន្និសីទនេះនឹងអូសបន្លាយសង្រ្គាមនៅតំបន់ហ្គាហ្សា និងជំរុញក្រុមហាម៉ាស់។
លោកស្រី ទីង វូ (Ting Wu) ទីប្រឹក្សានយោបាយរងនៃបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសរបស់លោកស្រីនឹងមិនចូលរួមក្នុងសន្និសីទនេះទេ។
គេនៅមិនទាន់ដឹងទេថា តើប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) នឹងអាចចូលរួមសន្និសីទនេះដោយផ្ទាល់ ឬយ៉ាងណានោះទេ ខណៈដែលសហរដ្ឋអាមេរិកបានដាក់បម្រាមចំពោះទិដ្ឋាការទៅលើមន្ត្រីប៉ាឡេស្ទីន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





