OPEC+ នឹងបន្តបង្កើនទិន្នផលប្រេងក្នុងខែតុលា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាក្រុមដែលគេស្គាល់ថាជាOPEC+ កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបង្កើនទិន្នផលប្រេងចំនួន១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) នៅក្នុងខែតុលាខាងមុខ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្នុងទម្រង់និម្មិតមួយដែលប្រទេសជាសមាជិករួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានពិនិត្យមើលទៅលើស្ថានភាពនិងទស្សនវិស័យទីផ្សារពិភពលោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់អង្គការ OPEC ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ប្រទេសដែលចូលរួមទាំងប្រាំបីបានសម្រេចចិត្តអនុវត្តការកែសម្រួលផលិតកម្មចំនួន១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត ពីការកែតម្រូវបន្ថែមដោយស្ម័គ្រចិត្តចំនួន ១,៦៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលត្រូវបានប្រកាសកាលពីក្នុងខែមេសា ឆ្នាំ២០២៣» ដោយបានកត់សម្គាល់ថាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព ហើយមូលដ្ឋានគ្រឹះទីផ្សារបច្ចុប្បន្នមានស្ថានភាពល្អ ដែលត្រូវបានឆ្លុះបញ្ចាំងដោយសារស្តុកប្រេងទាប។
អង្គការ OPEC បាននិយាយថា ផលិតកម្មប្រេងចំនួន ១,៦៥លានបារ៉ែលក្នុងមួយថ្ងៃ អាចនឹងវិលត្រឡប់មកវិញដោយផ្នែក ឬពេញលេញអាស្រ័យទៅលើលក្ខខណ្ឌទីផ្សារដែលកំពុងវិវត្ត និងក្នុងលក្ខណៈបន្តិចម្តងៗ។
ដោយត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៣ការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន ១,៦៥លានបារ៉ែលក្នុងមួយថ្ងៃក្រោយមកត្រូវបានអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២៦ ។ ប្រទេសទាំងប្រាំបីនឹងជួបប្រជុំគ្នានៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រេចចិត្តបន្ទាប់ទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





