ទីក្រុងប៉េកាំងព្រមានដល់ទីក្រុងម៉ានីលអំពីផលវិបាកទាំងអស់ដែលអាចកើតមាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ទីក្រុងប៉េកាំងបានព្រមានកាលពីពេលថ្មីៗនេះថា ទីក្រុងម៉ានីលនឹងទទួលខុសត្រូវចំពោះការឆ្លងកាត់ហួសខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិនជុំវិញបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ដោយបានថ្កោលទោសមន្ត្រីជាន់ខ្ពស់ហ្វីលីពីនចំពោះការប្រជែងផលប្រយោជន៍ស្នូលរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៃគុន (Guo Jiakun)បាននិយាយថា ប្រទេសហ្វីលីពីនដែលបន្តទទួលយកការកត់សម្គាល់ប្រកបដោយអាកប្បកិរិយាខុសឆ្គង និងញុះញង់នោះ បានបំពានទៅលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
លោក គូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា«(ហ្វីលីពីន) បានបន្តធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងដើរហួសខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិន។ ហ្វីលីពីននឹងត្រូវទទួលខុសត្រូវសម្រាប់រឿងនេះ។ ផលវិបាកទាំងអស់ដែលអាចកើតចេញពីកាយវិការនេះនឹងត្រូវទទួលខុសត្រូវដោយហ្វីលីពីន»។
ការកត់សម្គាល់របស់លោក គូ ខាងលើនេះបានធ្វើឡើងបន្ទាប់ពីរបាយការណ៍ព័ត៌មានមួយបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ហ្គីលបឺតតូ តេអូដូរ៉ូ ជេអ (Gilberto Teodoro Jr) ដែលបាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា ប្រទេសចិន «មិនគួរដាក់» បន្ទាត់ក្រហមរបស់ខ្លួនលើប្រទេសហ្វីលីពីននោះទេ។ លោក តេអូដូរ៉ូ បានធ្វើអត្ថាធិប្បាយខាងលើនេះក្នុងពេលដែលលោក លីន ជាលុង (Lin Chialung) ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរកោះតៃវ៉ាន់បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។
ប្រទេសចិនធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះហ្វីលីពីនដែលអនុញ្ញាតឱ្យលោក លីន បំពេញទស្សនកិច្ចនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបាននិយាយកាលពីចុងខែមុនថា តាមរយៈការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនេះ ហ្វីលីពីនបានផ្តល់នូវវេទិកាមួយសម្រាប់អ្នកបំបែកខ្លួន «ឯករាជ្យតៃវ៉ាន់» ដើម្បីចូលរួមក្នុងសកម្មភាពប្រឆាំងនឹងប្រទេសចិន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





