ជនជាតិប៉ាឡេស្ទីន ៦នាក់ទៀតស្លាប់ដោយសារភាពអត់ឃ្លាននៅតំបន់ហ្គាហ្សាដែលឡោមព័ទ្ធដោយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់បន្ថែមទៀត ដែលរួមមានទាំងកុមារចំនួន ២នាក់ផងនោះបានស្លាប់ដោយសារការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលរារាំងដោយអ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រសួងបាននិយាយបន្ថែមថា អ្នកស្លាប់ថ្មីនោះបាននាំមកនូវករណីស្លាប់ទាក់ទងនឹងគ្រោះទុរ្ភិក្សចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ឈានដល់ចំនួនសរុប ៣៩៣នាក់ ដោយក្នុងនោះមានកុមារចំនួន ១៤០នាក់។
យោងតាមក្រសួងនោះ បានឱ្យដឹងថា ករណីស្លាប់ចំនួន ១១៥នាក់ដែលក្នុងនោះមានកុមារចំនួន ២៥នាក់ បានកើតឡើងបន្ទាប់ពីប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លានដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការនូវតំបន់ហ្គាហ្សាជាតំបន់ទុរ្ភិក្សកាលពីខែមុនមក។
អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៤.៣០០នាក់នៅក្នុងការវាយលុកដ៏ឃោរឃៅនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ដោយយុទ្ធនាការយោធានោះបានបំផ្លិចបំផ្លាញតំបន់ជុំវិញ។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ៅ ហ្កាល់លេនត៍ (Yoav Gallant) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





