អ៊ីស្រាអែលដាក់បម្រាមចំពោះមន្ត្រីជាន់ខ្ពស់អេស្ប៉ាញមិនឱ្យចូលប្រទេស ជុំវិញការរិះគន់អំពីអំពើប្រល័យពូជសាសន៍នៅតំបន់ ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសអ៊ីស្រាអែលបានដាក់បម្រាមចូលទៅក្នុងប្រទេស និងទណ្ឌកម្មផ្ទាល់ខ្លួនទៅលើមន្ត្រីជាន់ខ្ពស់អេស្ប៉ាញ ២រូបកាលពីថ្ងៃចន្ទ ជុំវិញការរិះគន់យ៉ាងខ្លាំងរបស់ពួកគេចំពោះការអនុវត្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប និងតំបន់វេសប៊ែង។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ជីដេអន សាអារ (Gideon Saar)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅបណ្តាញសង្គមអ៊ិច (X) របស់សហរដ្ឋអាមេរិកថា «អ៊ីស្រាអែលនឹងមិនរក្សាទំនាក់ទំនងណាមួយជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការងារអេស្ប៉ាញ លោក យ៉ូលែនដា ដាយអាហ្ស (Yolanda Diaz) ទេ»។
លោកបាននិយាយថា លោក Diaz ដែលជាសមាជិកនៃបក្សកុម្មុយនិស្តអេស្ប៉ាញ ក៏នឹងត្រូវហាមឃាត់មិនឲ្យចូលក្នុងប្រទេសអ៊ីស្រាអែលដែរ។
លោក ដាយអាហ្ស បានរិះគន់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយលីបង់ ដោយអំពាវនាវឱ្យដាក់ទណ្ឌកម្មអន្តរជាតិ និងការហាមឃាត់សព្វាវុធលើអ៊ីស្រាអែលជុំវិញការអនុវត្តរបស់ខ្លួន។
លោក សាអារ បាននិយាយថា «ទណ្ឌកម្មស្រដៀងគ្នានេះក៏នឹងត្រូវដាក់ចេញប្រឆាំងនឹងលោក ស៊ីរ៉ា រ៉ាហ្គោ (Sira Rago) រដ្ឋមន្ត្រីក្រសួងយុវជននិងកុមារមកពីគណបក្សតែមួយរបស់អេស្ប៉ាញផងដែរ។ ការចូលទៅក្នុងប្រទេសអ៊ីស្រាអែលនឹងត្រូវបានហាមឃាត់ ហើយអ៊ីស្រាអែលនឹងមិនមានទំនាក់ទំនងណាមួយជាមួយមន្រ្តីទាំងនោះទេ»។
លោក រ៉ាហ្គោ ក៏បានពណ៌នាចំពោះអ៊ីស្រាអែលថា ជារដ្ឋប្រល័យពូជសាសន៍ជុំវិញសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុបកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្ម។
លោក សាអារ បាននិយាយថា កិច្ចពិភាក្សាបន្ថែមទៀតទាក់ទងនឹងការហាមប្រាមមន្ត្រីបរទេសនឹងត្រូវធ្វើឡើងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ភេដ្រូ សេនឆេ (Pedro Sanchez) បានប្រកាសនូវវិធានការថ្មីចំនួន៩ ក្នុងគោលបំណងបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ដែលរួមមានទាំងការហាមឃាត់ជាអចិន្ត្រៃយ៍ទៅលើការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែលបានហាមឃាត់ការចូលទៅក្នុងប្រទេសរបស់មន្ត្រី និងសកម្មជនលោកខាងលិចជាច្រើនរូប ដែលបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងរិះគន់សកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៤.០០០នាក់នៅក្នុងការវាយលុកដ៏ឃោរឃៅមួយនៅតំបន់ហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣ មក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





