នាយករដ្ឋមន្ត្រីអេស្ប៉ាញបង្ហាញអំពីវិធានការចំនួន៩ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ភែដ្រូ សេនឆេ (Pedro Sanchez) បានប្រកាសកាលពីថ្ងៃចន្ទអំពីវិធានការថ្មីចំនួន៩ ក្នុងគោលបំណងបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។
លោក សេនឆេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺមិនមែនជាការការពារខ្លួនទេ វាកំពុងបំផ្លាញប្រជាជនដែលគ្មានការការពារ»។
លោកបាននិយាយថា បើទោះបីជាប្រទេសអេស្ប៉ាញបាននិងកំពុងអនុវត្តការហាមឃាត់ការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែលចាប់តាំងពីឆ្នាំ២០២៣ មកហើយនោះក៏ដោយ ក៏រដ្ឋាភិបាលនឹងចេញច្បាប់ជាបន្ទាន់នូវការហាមឃាត់ជាអចិន្ត្រៃយ៍។
ទីក្រុងម៉ាឌ្រីដក៏នឹងហាមឃាត់នាវាដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់កងកម្លាំងអ៊ីស្រាអែលមិនឱ្យប្រើប្រាស់កំពង់ផែអេស្ប៉ាញផងដែរ។យន្តហោះដែលផ្ទុកសម្ភារៈការពារនឹងត្រូវបានហាមឃាត់ពីដែនអាកាសអេស្ប៉ាញ។
លោក សេនឆេ បាននិយាយបន្ថែមថា មនុស្សដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងអំពើប្រល័យពូជសាសន៍ ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា នឹងត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសអេស្ប៉ាញ។
ប្រទេសអេស្បាញក៏នឹងបង្កើនការរួមចំណែករបស់ខ្លួនដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នូវថវិកាចំនួន ១០លានអឺរ៉ូ (១១,៧លានដុល្លារអាម៉េរិក) និងប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១៥០លានអឺរ៉ូសម្រាប់តំបន់ហ្គាហ្សានៅក្នុងឆ្នាំ២០២៦ ផងដែរ។
លោក សេនឆេ បាននិយាយថា «យើងដឹងថា វិធានការទាំងនេះនឹងមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាមនោះទេ ប៉ុន្តែយើងសង្ឃឹមថាវិធានការទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)និងសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីន»។ លោកបាននិយាយបន្ថែមថា ប្រទេសអេស្ប៉ាញតែមួយគត់មិនអាចបញ្ឈប់សង្គ្រាមបានទេប៉ុន្តែនោះក៏មិនមានន័យថាយើងមិនអាចព្យាយាមធ្វើវាបាននោះដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





