ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់អាស៊ានមានការកើនឡើងនៅក្នុងខែសីហា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- យោងតាមក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់អាស៊ាន បានកើនឡើងដល់១០,៨៩ពាន់លានដុល្លារអាម៉េរិកនៅក្នុងខែសីហា ដែលកើនឡើង ១១,៩% បើធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១២% ហើយការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ២,៩% ក្នុងអំឡុងពេលដូចគ្នានេះ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក និងបង្កើនការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការនាំចេញកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃការនាំចេញទៅកាន់អាស៊ានបានធ្វើឱ្យការនាំចេញសរុបរបស់កូរ៉េខាងត្បូងទៅកាន់កម្រិតវិជ្ជមានមួយ។
តម្លៃនៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់អាស៊ាន ដែលតាមទម្លាប់បានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីការនាំចេញទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិកនោះ បានលើសពីការនាំចេញទៅកាន់សហរដ្ឋអាមេរិកសម្រាប់ខែកក្កដា និងខែសីហាកន្លងទៅ។
ក្រុមអ្នកវិភាគបាននិយាយថា ការកើនឡើងនៃការវិនិយោគលើផ្នែកបញ្ញាសិប្បនិមិ្មត (AI) និងមជ្ឈមណ្ឌលទិន្នន័យ បានជំរុញឱ្យមានតម្រូវការខ្លាំងនៅទូទាំងទីផ្សារអេឡិចត្រូនិករបស់អាស៊ាន។
ការផលិតនាវា និងផលិតផលប្រេងក៏ជំរុញដល់កំណើនផងដែរ។ការនាំចេញនាវាបានកើនឡើងជិត ៣៦០% ខណៈដែលការនាំចេញប្រេងចម្រាញ់បានកើនឡើង ១៦,៣% ។ ការនាំចេញគីមីឥន្ធនៈបានកើនឡើង១៣,៤% បើទោះបីជាកំណើនត្រូវបានទប់ស្កាត់ដោយការប្រកួតប្រជែងខាងតម្លៃយ៉ាងខ្លាំងពីអ្នកផលិតចិនក៏ដោយ។
ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដូចជាក្រុមហ៊ុនយានយន្តហ៊ីយ៉ាន់ដាយនិងក្រុមហ៊ុន POSCO កំពុងពង្រីកការបោះជំហានរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយការសាងសង់រោងចក្រ និងមជ្ឈមណ្ឌលនាំចេញនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ដោយពង្រឹងតួនាទីរបស់កូរ៉េខាងត្បូងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
អ្នកជំនាញបានព្យាករណ៍ថា នៅទីបំផុត អាស៊ានអាចវ៉ាដាច់ទាំងសហរដ្ឋអាមេរិក និងចិន ដើម្បីក្លាយជាទិសដៅនាំចេញធំជាងគេរបស់កូរ៉េខាងត្បូង។ ចំនួនប្រជាជនវ័យក្មេង វណ្ណៈកណ្តាលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរឌីជីថលដែលកំពុងបង្កើនល្បឿន កំពុងធ្វើឱ្យតំបន់នេះក្លាយជាទីផ្សារដ៏គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ទំនិញកូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





