សិង្ហបុរី និងឥណ្ឌា គូសបញ្ជាក់ផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរី និងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ចំនួនប្រាំហើយបានគូសបញ្ជាក់ពី «ផែនទីបង្ហាញផ្លូវប្រកបដោយមហិច្ឆតា និងលម្អិត»ដើម្បីកំណត់អំពីដំណាក់កាលបន្ទាប់នៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) និងសមភាគីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) បានសង្កត់ធ្ងន់ទៅលើលក្ខណៈស៊ីជម្រៅ និងឆ្ពោះទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងឥណ្ឌា ដែលផ្អែកលើគុណតម្លៃរួម។
មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរសេចក្តីថ្លែងការណ៍រួមស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(CSP) រវាងប្រទេសទាំងពីរ ក៏ដូចជាអនុស្សរណៈយោគយល់គ្នាចំនួនប្រាំដែលគ្របដណ្តប់ទៅលើវិស័យនវានុវត្តន៍ឌីជីថល ការបង្កើតច្រករបៀងដឹកជញ្ជូនបៃតង និងឌីជីថល ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដើម្បីអនុញ្ញាតឱ្យការប្រើប្រាស់ឥន្ធនៈបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខិតជិតទៅរកសូន្យ។
កិច្ចព្រមព្រៀងទាំងនោះក៏រួមបញ្ចូលផងដែរនូវកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិល ការស្រាវជ្រាវ និងការអភិវឌ្ឍ។ការអភិវឌ្ឍជំនាញក្នុងវិស័យដែលកំពុងរីកចម្រើនមួយចំនួន ដូចជាគ្រឿងអេឡិចត្រូនិក និងការថែទាំអាកាសចរណ៍ ការជួសជុល និងជួសជុលឡើងវិញ (MRO) ក៏ដូចជានៅក្នុងវិស័យឧស្សាហកម្មអវកាស រួមទាំងទំនាក់ទំនងផ្កាយរណបជាដើម។ មកដល់ពេលនេះ ផ្កាយរណបផលិតនៅសិង្ហបុរីមានជាង ២០គ្រឿងហើយ ហើយត្រូវបានឥណ្ឌាបាញ់បង្ហោះផងដែរ។
យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមិនត្រូវបានកំណត់ចំពោះវិស័យជាប្រពៃណីទេ ប៉ុន្តែបានវិវឌ្ឍន៍ទៅតាមពេលវេលា ដើម្បីគ្របដណ្តប់លើវិស័យថ្មីៗ ដូចជាការផលិតកម្រិតខ្ពស់ ការដឹកជញ្ជូនបៃតង ការអភិវឌ្ឍជំនាញ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល និងការគ្រប់គ្រងទឹកក្នុងទីក្រុងជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





