ឥណ្ឌូណេស៊ីបញ្ជាក់ថា គ្មានការនាំចូលអង្ករទេរហូតដល់ដំណាច់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន់ ស៊ូឡៃមេន (Andi Amran Sulaiman)បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ថា ប្រទេសឥណ្ឌូណេស៊ីនឹងមិននាំចូលអង្ករទេរហូតដល់ដំណាច់ឆ្នាំ២០២៥។
លោក ស៊ូឡៃមេន បានបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះរដ្ឋាភិបាលឥណ្ឌូណេស៊ីបាននាំចូលអង្ករជាប្រចាំដើម្បីពង្រឹងទុនបម្រុងជាតិ។
ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ីមិនបាននាំចូលអង្ករទេនៅក្នុងឆ្នាំនេះ បើទោះបីជាមានវិបត្តិស្បៀងអាហារពិភពលោកក៏ដោយ នេះក៏ព្រោះតែស្តុកអង្កររបស់ប្រទេសនេះនាពេលបច្ចុប្បន្នមានចំនួនប្រហែល៤លានតោន ដែលជាតួលេខច្រើនជាងពីរដងកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានឱ្យដឹងថា ការប្រមូលផលស្រូវឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថានឹងឈានដល់ចំនួន ៣៤-៣៥លានតោនដែលកើនឡើង ៤លានតោនបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការកើនឡើង ៤លានតោននេះក៏បានបង្កើនប្រាក់ចំណូលរបស់កសិករចំនួន ៦០លានលានរូពី (៣,៦ពាន់លានដុល្លារអាម៉េរិក) ផងដែរ។ លោកបានពន្យល់ថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ីតាមរយៈការកែសម្រួលបទប្បញ្ញត្តិ ការកែលម្អកន្លែងផលិត និងការបន្ធូរបន្ថយការទិញជី បានធ្វើឱ្យការផលិតមានភាពប្រសើរឡើង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





