អាស៊ានជំរុញអាទិភាពអាកាសធាតុមុនសន្និសីទភាគីអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីបរិស្ថានលើកទី១៨ (AMME-18) ដែលប្រព្រឹត្តទៅនៅទីក្រុងឡាំងកាវីរបស់ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានជួបសន្ទនាគ្នាជាយុទ្ធសាស្ត្រជាមួយឯកអគ្គរដ្ឋទូត អង់ដ្រេ អារ៉ាន់ញ៉ា កូរៀ ដូ ឡាហ្គោ (André Aranha Corrêa do Lago) ដែលជាប្រធានតំណាងនៃសន្និសីទភាគីអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30) ដើម្បីពង្រឹងគោលជំហររួម និងជំរុញអាទិភាពនៃកិច្ចចរចាអាកាសធាតុសកលលោករបស់តំបន់អាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បានសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃសកម្មភាពអាកាសធាតុ ជាពិសេសដោយសារតំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជាតំបន់មួយដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោក។មុនពេលសន្និសីទ COP30 អាស៊ានបានកំណត់អាទិភាពសំខាន់ៗចំនួនប្រាំហើយកំពុងអំពាវនាវឱ្យមានការបង្កើនធនធានហិរញ្ញវត្ថុដោយបានកត់សម្គាល់ថា គោលដៅបច្ចុប្បន្ននៃការកៀរគរថវិកាចំនួន ៣០០ពាន់លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំក្រោមគោលដៅរួមថ្មី (NCQG) នៅតែខ្វះខាតតាមតម្រូវការជាក់ស្តែង ដែលត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់៤២២ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។
រដ្ឋមន្ត្រីទាំងអស់ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការបញ្ចប់កិច្ចចរចាភ្លាមៗទៅលើគោលដៅជាសកល ស្តីពីការបន្សាំខ្លួន (GGA) ខណៈដែលពន្លឿនផែនទីបង្ហាញផ្លូវនៃការបន្សាំបាគូដើម្បីពង្រឹងភាពធន់របស់សហគមន៍។
លើសពីនេះទៀត ពួកគេបានអំពាវនាវឱ្យមានប្រតិបត្តិការពេញលេញនិងឆាប់រហ័សនៃមូលនិធិសម្រាប់ការឆ្លើយតបទៅនឹងការបាត់បង់ និងការខូចខាត ដើម្បីធានាបាននូវការគាំទ្រទាន់ពេលវេលាសម្រាប់ក្រុមដែលងាយរងគ្រោះ។
អាស៊ានក៏បានបង្ហាញពីបំណងចង់ពន្លឿនការអនុម័តក្របខ័ណ្ឌកាបូនរួមរបស់ប្លុកផងដែរ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរថាមពលដោយស្មើភាព។រដ្ឋមន្ត្រីទាំងអស់បានជំរុញឱ្យបង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យាអាកាសធាតុ អមដោយភាពបត់បែនចាំបាច់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
គួរកត់សម្គាល់ថា ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបានស្នើបង្កើតសម្ព័ន្ធភាពអាស៊ីអាគ្នេយ៍ (SEA) ដែលជាយន្តការចរចាដែលខិតខំប្រឹងប្រែងក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)។ ក្រុមការងារនេះនឹងបំពេញបន្ថែមនៃការចូលរួមរបស់អាស៊ាននៅក្នុងក្រុមប្រទេស៧៧ (G77) និងប្រទេសចិន ខណៈដែលផ្តល់នូវវេទិកាសម្រាប់ការសម្របសម្រួលជាយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងតំបន់ ដោយធានានូវអាទិភាព និងទស្សនវិស័យរបស់អាស៊ានដែលត្រូវបានដាក់នៅចំកណ្តាលនៃរបៀបវារៈសន្និសីទ COP30៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





