ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ថវិកាជាង ១២ពាន់លានដុល្លារអាម៉េរិកដល់គម្រោងបៃតងក្នុងតំបន់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ហ្វាឌីឡាហ៍ យូសូហ្វ (Fadillah Yusof) បាននិយាយថាធនាគារពិភពលោក (WB) បានបម្រុងថវិកាចំនួន ២,៥ពាន់លានដុល្លារអាម៉េរិក ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកំណត់ថវិកាចំនួន ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់គម្រោងបៃតងនានានៅក្នុងតំបន់អាស៊ាន។
ថ្លែងនៅក្នុងសម័យប្រជុំបិទនៃកិច្ចប្រជុំពេញអង្គវេទិកានិរន្តរភាព និងថាមពលកកើតឡើងវិញ (SAREF) 4.0 នៅទីក្រុងគូជីងរបស់ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ លោកបាននិយាយថា ការគាំទ្រហិរញ្ញប្បទានដែលមានស្រាប់ពីធនាគារអន្តរជាតិនេះនៅតែមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ចប់គំនិតផ្តួចផ្តើមបណ្តាញថាមពលអាស៊ាន (APG)។
លោកបាននិយាយថា «បញ្ហាប្រឈម គឺតែងតែជាផ្នែកហិរញ្ញវត្ថុ និងធុរកិច្ចដែលត្រូវការដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើន»។
គំនិតផ្តួចផ្តើមបណ្តាញថាមពលអាស៊ាន គឺជាគម្រោងថ្នាក់តំបន់ដែលមានគោលបំណងពង្រឹងសន្តិសុខថាមពល និរន្តរភាព និងសមាហរណកម្មក្នុងចំណោមរដ្ឋជាសមាជិក។
ឧបនាយករដ្ឋមន្ត្រីរូបនោះបាននិយាយបន្ថែមថា ក្រៅពីអ្នកផ្តល់ប្រាក់កម្ចីពហុភាគី អ្នកវិនិយោគវិស័យឯកជនមកពីតំបន់ផ្សេងៗ ដូចជាមជ្ឈិមបូព៌ា ជប៉ុន និងចិន បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើគម្រោងនេះ។
លោកបានបន្តថា «នេះនឹងជាកំណើនថ្មីសម្រាប់អាស៊ាន ដោយសារវានាំមកនូវការវិនិយោគ ឱកាសការងារ និងឱកាសធុរកិច្ចសម្រាប់តំបន់ទាំងមូល»។
យោងតាមរូបលោកបានឱ្យដឹងថា កិច្ចព្រមព្រៀង APG ដែលត្រូវបានពង្រឹងនឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាននៅទីក្រុងគូឡាឡាំពួក្នុងខែតុលាខាងមុខនេះ សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ២០២៦។
លោក ហ្វាឌីឡាហ៍ បាននិយាយថា គម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី បច្ចុប្បន្នដើរតួជាគំរូសម្រាប់ APG។ទោះជាយ៉ាងណាក៏ដោយ វាមានសារៈសំខាន់សម្រាប់រដ្ឋជាសមាជិកក្នុងការចុះសម្រុងគ្នាទៅលើស្តង់ដារថាមពល និងគំរូអាជីវកម្ម ដើម្បីជួយសម្រួលដល់ការផ្ទេរអគ្គិសនីពីប្រទេសមួយទៅប្រទេសមួយទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





