កំពង់ផែនៅខេត្តក្វាងស៊ីរបស់ប្រទេសចិនក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចូលផ្លែឈើរបស់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ការនាំចូលផ្លែទុរេនតាមរយៈកំពង់ផែគីនជូ ក្នុងតំបន់ស្វយ័តក្វាងស៊ីជ័ង នៅភាគខាងត្បូងប្រទេសចិន បានកើនឡើង ៥០% នៅក្នុងឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនៃចំណង់ចំណូលចិត្តអាហារសម្រាប់ផ្លែឈើអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកប្រើប្រាស់ចិន។ នេះបើយោងតាមក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយបានចេញផ្សាយ។
លោក នីង យ៉ាន (Ning Yan) ប្រធានក្រុមហ៊ុនភស្តុភារអន្តរជាតិក្វាងស៊ីហ័រនីយូ ដែលមានឯកទេសខាងការនាំចូលផ្លែឈើពីបណ្តាប្រទេសនៅអាស៊ាន បានមើលឃើញថា តម្រូវការផ្លែទុរេនពីប្រទេសថៃ និងអ្នកផលិតក្នុងតំបន់ផ្សេងទៀតមានការកើនឡើងយ៉ាងខ្លាំង។ នេះបើតាមសម្តីលោកNing Yan ដែលជាប្រធានក្រុមហ៊ុន។
អ្នកផលិត និងអ្នកនាំចេញផ្លែទុរេននាំមុខគេរបស់ប្រទេសថៃ បានដឹកជញ្ជូនផ្លែទុរេនម៉ាន់ថងដែលមានតម្លៃជាង ២០លានយន់ (២,៨លានដុល្លារអាម៉េរិក) ទៅកាន់ប្រទេសចិនតាមរយៈកំពង់ផែគីនជូនៅក្នុងឆ្នាំនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុននាំចេញផ្លែទុរេននោះបានប្រាប់លោក នីង ថា «ក្រុមហ៊ុនរបស់យើងធ្វើការត្រួតពិនិត្យជំហាននីមួយៗនៃប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន ដើម្បីរក្សាភាពស្រស់ និងគុណភាព។ ដរាបណាផ្លូវដឹកជញ្ជូននេះនៅតែដំណើរការ កំពង់ផែគីនជូ គឺជាជម្រើសដំបូងរបស់យើង។
កំពង់ផែគីនជូ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ការបើកច្រកចូលរបស់ខេត្តក្វាងស៊ីទៅកាន់តំបន់អាស៊ាន និងជាមជ្ឈមណ្ឌលមួយនៅលើច្រករបៀងពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិថ្មី។ កាលពី ១០ឆ្នាំមុន ក្រុមហ៊ុនភស្តុភារហ័រនីយូដែលបានចាប់ផ្តើមដោយការនាំចេញអាហារសមុទ្រនោះ បានបង្កើតក្រុមការងារមួយនៅកំពង់ផែដើម្បីលក់អាហារសមុទ្ររបស់ខេត្តក្វាងស៊ីនៅទូទាំងពិភពលោក។
នៅក្នុងឆ្នាំ២០២៤ ខេត្តក្វាងស៊ីបាននាំចូលផ្លែឈើចំនួន ២,៤៨៨លានតោន ដែលមានតម្លៃ ៣៤,៨៩ពាន់លានយន់ពីបណ្តាប្រទេសនៅអាស៊ានដែលច្រើនជាងមួយភាគបីនៃការនាំចូលផ្លែឈើសរុបរបស់ប្រទេសចិនពីតំបន់នោះ។
បន្ទាប់ពីការអភិវឌ្ឍអស់ជាច្រើនឆ្នាំ កំពង់ផែគីនជូដែលធ្លាប់មានសារៈសំខាន់ខ្លាំងក្នុងការនាំចូលផ្លែឈើនោះ បានក្លាយជាច្រកផ្លូវសមុទ្រដ៏សំខាន់សម្រាប់ផ្លែឈើអាស៊ាន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BRNN)





