លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ពិភាក្សាគ្នាអំពីទំនាក់ទំនងថ្មីៗរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សាគ្នាទៅលើប្រធានបទផ្សេងៗ ជាពិសេសបញ្ហាទាក់ទងនឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីជំនួយការប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក យូរី អ៊ូស្សាកូវ (Yuri Ushakov)។
យោងតាមទីក្រុងប៉េកាំង បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបានក្លាយទៅជាស្ថិរភាព មានភាពចាស់ទុំ និងជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៃទំនាក់ទំនងមហាអំណាចក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីរបៀបវារៈរបស់លោកនៅទីក្រុងធានជីន ប្រធានាធិបតីរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមក្នុងក្បួនដង្ហែរយោធារំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងការបរាជ័យនៃហ្វាស៊ីសនិយម។
នៅក្នុងសុន្ទរកថាស្វាគមន៍ចំពោះមេដឹកនាំពិភពលោកទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នោះ លោក ស៊ី បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទសកលលោកដែលត្រូវបានកំណត់ដោយការបង្កើនល្បឿននៃការផ្លាស់ប្តូរ និងអស្ថិរភាពដែលកំពុងកើនឡើងនោះ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្រឈមមុខនឹងការទទួលខុសត្រូវកាន់តែខ្លាំងក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួម។
ទោះបីជាអង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីបំពេញតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក៏ដោយ ក៏វាបានវិវត្តន៍ជាបណ្តើរៗទៅជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យជាច្រើន ចំពេលដែលមានទិដ្ឋភាពអន្តរជាតិដ៏ស្មុគស្មាញដែលត្រូវបានកត់សម្គាល់ដោយការកើនឡើងនូវលទ្ធិគាំពារនិយមរបស់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





