ក្រុមតាលីបង់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកើនឡើងដល់ ២.២០៥នាក់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សាកសពរាប់រយនាក់ត្រូវបានគេរកឃើញនៅក្នុងផ្ទះដែលត្រូវបានបំផ្លាញដោយសារការរញ្ជួយដីដ៏ធំមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន ដែលជំរុញឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង ២.២០០នាក់។
ការរញ្ជួយដីកម្រិត ៦,០រ៉ិចទ័រ បានវាយប្រហារខេត្តជាច្រើននៃតំបន់ភ្នំ និងភាគខាងកើតដាច់ស្រយាលកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ដោយបានធ្វើឱ្យខូចខាតភូមិដ្ឋាននានា និងជាប់គាំងមនុស្សនៅក្រោមគំនរបាក់បែក។ អ្នកស្លាប់ និងរបួសភាគច្រើន គឺនៅក្នុងខេត្តគូណារ ជាកន្លែងដែលមនុស្សជាច្រើនរស់នៅក្នុងជ្រលងទន្លេដ៏ចោតដែលបំបែកដោយភ្នំខ្ពស់។
អ្នកនាំពាក្យក្រុមតាលីបង់ លោក ហាំឌុលឡា ហ្វីត្រាត (Hamdullah Fitrat) ដែលបានផ្តល់តួលេខអ្នកស្លាប់ថ្មីៗនេះ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកកំពុងបន្ត។ ជម្រកតង់ត្រូវបានបង្កើតឡើងសម្រាប់ប្រជាជន ហើយការផ្តល់ជំនួយដំបូង និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ក៏កំពុងបន្តដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





