នេប៉ាល់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនដែលរួមមានទាំងហ្វេសប៊ុក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសនេប៉ាល់បានបិទការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលរួមមានទាំងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ផងដែរ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការចុះឈ្មោះជាមួយអាជ្ញាធរក្នុងការបង្ក្រាបចំពោះការប្រើប្រាស់ខុស។
រដ្ឋាភិបាលនេប៉ាល់និយាយថា អ្នកប្រើប្រាស់ដែលមានអត្តសញ្ញាណប័ណ្ណក្លែងក្លាយកំពុងផ្សព្វផ្សាយការស្អប់ខ្ពើម និងពាក្យចចាមអារ៉ាម ប្រព្រឹត្តបទឧក្រិដ្ឋតាមអ៊ីនធឺណិត និងការរំខានដល់សុខដុមរមនាសង្គមតាមរយៈវេទិកាមួយចំនួននៅក្នុងប្រទេសមួយនេះដែលមាន ៩០ភាគរយនៃចំនួនប្រជាជនសរុប ៣០លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។
រដ្ឋាភិបាលបានផ្តល់ពេលវេលាដល់ក្រុមហ៊ុនបណ្តាញសង្គមទាំងនោះរហូតដល់ថ្ងៃពុធដើម្បីចុះឈ្មោះជាមួយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាន ហើយដាក់ឈ្មោះអ្នកទំនាក់ទំនងក្នុងស្រុក អ្នកដោះស្រាយបណ្តឹងសារទុក្ខ និងអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រង ឬប្រឈមមុខនឹងការបិទ។
កាលពីថ្ងៃព្រហស្បតិ៍ សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលបានប្រាប់ដល់និយតករអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ (NTA) ឱ្យបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនបានចុះឈ្មោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីវេទិកាណាដែលត្រូវប្រឈមមុខនឹងចំណាត់ការនោះទេ។
មន្ត្រីក្រសួងទំនាក់ទំនងបានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្តាញសង្គមទីកតុក (TikTok) វ៉ាយប័រ (Viber) វីថក (WeTalk) នីមប៊ស់ (Nimbuzz) និងប៉ុបប៉ូឡាយ (Poppo Live) បានចុះឈ្មោះហើយ ប៉ុន្តែបណ្តាញសង្គមផ្សេងទៀត ដែលរួមមានទាំងហ្វេសប៊ុកផងនោះ គឺមិនបានចុះឈ្មោះទេ។
ក្រុមហ៊ុនមេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក វាត់ស៍អេប (WhatsApp) និងអ៊ីនស្តាក្រាម (Instagram) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់នោះទេ។
លោក ព្រីធវី ស៊ុបបា ហ្គូរុង (Prithvi Subba Gurung) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា បាននិយាយអំពីវេទិកាទាំងនោះថា «យើងបានផ្តល់ឱ្យពួកគេនូវពេលវេលាគ្រប់គ្រាន់ដើម្បីចុះឈ្មោះ និងស្នើសុំម្តងហើយម្តងទៀតឱ្យពួកគេអនុវត្តតាមសំណើរបស់យើង។ ប៉ុន្តែពួកគេមិនអើពើទេ ដូច្នេះយើងត្រូវបិទប្រតិបត្តិការរបស់ពួកគេក្នុងប្រទេសនេប៉ាល់»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





