លោក គីម ជុងអ៊ុន ជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានកោតសរសើរចំពោះ «គោលជំហរដ៏យុត្តិធម៌» របស់ប្រទេសចិនទៅលើបញ្ហាឧបទ្វីបកូរ៉េ។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅវិមានប្រជាជននៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកត់សម្គាល់នៃកិច្ចប្រជុំទ្វេភាគីជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាង ៦ឆ្នាំកន្លងមកនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិន បានឱ្យដឹងថា លោក គីម បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួលលើវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីការពារផលប្រយោជន៍រួម និងជាមូលដ្ឋាន។
មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា «មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ មិត្តភាពរវាងកូរ៉េខាងជើង និងចិននឹងនៅតែមិនផ្លាស់ប្តូរ»។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក ស៊ី បានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងការពារផលប្រយោជន៍រួម ដោយលោកបានបញ្ជាក់ឡើងវិញថា ប្រទេសចិននឹងរក្សាគោលជំហរប្រកបដោយភាពយុត្តិធម៌ និងគោលបំណងទៅលើបញ្ហាឧបទ្វីបកូរ៉េ និងបង្កើនការសម្របសម្រួលជាមួយកូរ៉េខាងជើង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





