អាស៊ានមានបំណងធ្វើឱ្យមានសំឡេងរួមទៅលើការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីបរិស្ថានលើកទី១៨ (AMME-18) បានបើកជាផ្លូវការកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឡាំងកាវីរបស់ប្រទេសម៉ាឡេស៊ី ដោយផ្តោតសំខាន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានជាបន្ទាន់។
ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកក្នុងការកសាងសំឡេងដែលមានការឯកភាព និងសេចក្តីសម្រេចនៅក្នុងសន្និសីទភាគី លើកទី៣០ (COP30) នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាពេលខាងមុខ។
ថ្លែងនៅក្នុងសម័យបើកកិច្ចប្រជុំត្រៀមមន្ត្រីជាន់ខ្ពស់អាស៊ាន លោកបណ្ឌិត ជីង ធូ (Ching Thoo) អគ្គលេខាធិការនៃក្រសួងធនធានធម្មជាតិ និងចីរភាពបរិស្ថាន (NRES) នៃប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ការរៀបចំនេះ គឺជាជំហានយុទ្ធសាស្ត្រដើម្បីធានាថា អាស៊ានបន្តផ្តល់នូវដំណោះស្រាយជាក់ស្តែងសម្រាប់ប្រជាជនក្នុងតំបន់។
លោក ជីង បានចង្អុលបង្ហាញថា អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានសំខាន់ៗ រួមទាំងការកើនឡើងនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការគំរាមកំហែងដល់សន្តិសុខស្បៀង ទឹក និងថាមពល។
ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញ និងពាក់ព័ន្ធទាំងនេះ លោកបានអំពាវនាវឱ្យបណ្តាប្រទេសនៅអាស៊ានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។ វាគឺជាតម្រូវការមួយសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការពង្រឹងការអនុវត្ត និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដូចជាសេដ្ឋកិច្ចរង្វង់ និងហិរញ្ញវត្ថុបៃតងជាដើម។
កិច្ចប្រជុំ AMME-18 ត្រូវបានប្រារព្ធឡើងដោយភ្ជាប់ជាមួយកិច្ចប្រជុំលើកទី២០ នៃសន្និសីទនៃភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលអ័ព្ទឆ្លងដែន។ ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការចូលរួមពីគណៈប្រតិភូប្រមាណ ២០០នាក់ ដែលរួមមានទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកទាំង១០ របស់អាស៊ាន ទីម័រឡេស្តេ និងដៃគូសន្ទនាសំខាន់ៗ ដូចជាសហភាពអឺរ៉ុប (EU) និងជប៉ុនជាដើម។
យោងតាមក្រសួងធនធានធម្មជាតិ និងចីរភាពបរិស្ថានរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា គោលបំណងសំខាន់មួយនៃសន្និសីទនេះ គឺការសម្របសម្រួលសកម្មភាពរួមដើម្បីបង្កើនគោលនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទៅលើការបង្ការបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លទ្ធផលដ៏សំខាន់បំផុតត្រូវបានគេរំពឹងថានឹងមានការអនុម័តចំពោះសេចក្តីថ្លែងការណ៍រួមអាស៊ានសម្រាប់សន្និសីទភាគី COP30 ដែលជាឯកសារតំណាងឱ្យគោលជំហររួបរួមរបស់ប្លុកនៅក្នុងកិច្ចចរចាអំពីអាកាសធាតុពិភពលោក។
ក្នុងចំណោមបញ្ហាផ្សេងៗទៀតនៅក្នុងរបៀបវារៈពេញមួយកិច្ចប្រជុំរយៈពេលបីថ្ងៃនោះ គឺការស្នើសុំបង្កើតក្រុមសម្ព័ន្ធអាស៊ីអាគ្នេយ៍ក្នុងដំណើរការកិច្ចចរចាអាកាសធាតុពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងឥទ្ធិពលក្នុងតំបន់ក្នុងការរៀបចំគោលនយោបាយអាកាសធាតុអន្តរជាតិ។
ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពក៏ត្រូវបានគេរំពឹងទុកផងដែរទៅលើការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការប្រែប្រួលអាកាសធាតុ (ACCC) ការបង្កើតផែនការយុទ្ធសាស្រ្តអាស៊ានក្រោយឆ្នាំ២០២៥ ស្តីពីបរិស្ថាន និងផែនការសកម្មភាពយុទ្ធសាស្រ្តនៃការប្រែប្រួលអាកាសធាតុអាស៊ាន។
រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអាស៊ាន នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្តីពីនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានប្រកបដោយបរិយាប័ន្ន ក្នុងគោលបំណងសម្របសម្រួលសកម្មភាពរួម ពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យមួយចំនួន ដូចជាការការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។
ទន្ទឹមនឹងនេះដែរ សម័យប្រជុំជាមួយដៃគូសន្ទនា គឺសហភាពអឺរ៉ុប និងជប៉ុន ក៏នឹងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ ដោយសង្កត់ធ្ងន់ទៅលើការចែករំលែកបច្ចេកវិទ្យា និងការអនុវត្តល្អបំផុតដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





