ឥណ្ឌូណេស៊ីកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៥ - ៥,២% នៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចជាតិពី ៥-៥,២% ដោយចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ២០២៥។
ការវិនិយោគនៅតែជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការវិនិយោគដែលសម្រេចបានឈានដល់ ៩២៤លានលានរូពី (ប្រហែល ៥៧ពាន់លានដុល្លារអាម៉េរិក) រួមជាមួយនឹងការកើនឡើង ៣២,៥% ពីមួយឆ្នាំទៅមួយឆ្នាំនៃការនាំចូលទំនិញមូលធន។
លោក ហាតាតូ បាននិយាយថា ការចំណាយមូលធនរបស់សហគ្រាសរដ្ឋ (SOEs) និងការចំណាយដើមទុនរបស់រដ្ឋាភិបាលដែលមាន ១៧,៩៤% នៅក្នុងឆមាសទីមួយនឹងជួយគាំទ្រដល់ផលិតភាពនៅឆ្នាំក្រោយ។
លោកបាននិយាយបន្ថែមថា ដើម្បីរក្សានិរន្តរភាពកំណើន រដ្ឋាភិបាលនឹងបន្តគោលនយោបាយជំរុញសារពើពន្ធរបស់ខ្លួននៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥។
ទាក់ទងនឹងការចំណាយរបស់រដ្ឋ វាមានគោលបំណងពន្លឿនការបញ្ចេញថវិកាដោយកំណត់គោលដៅយ៉ាងហោចណាស់ ២៥% នៃថវិការដ្ឋឆ្នាំ២០២៥ ដែលស្មើនឹង ៦៩៤លានលានរូពី។ កម្មវិធីជាក់ស្តែងជាច្រើនត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់កម្លាំងទិញរបស់ប្រជាជន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





