ឥណ្ឌូណេស៊ីគ្រោងចំណាយថវិកាប្រមាណជិត ២,៥ពាន់លានដុល្លារអាម៉េរិកសម្រាប់វិស័យកសិកម្មនៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសន្តិសុខស្បៀងជាតិតាមរយៈការបង្កើនថវិកាយ៉ាងគំហុកសម្រាប់វិស័យកសិកម្ម។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មការទី៤ នៃសភាតំណាងរាស្រ្តឥណ្ឌូណេស៊ីនៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន់ ស៊ូឡៃមេន (Andi Amran Sulaiman) បាននិយាយថា ថវិការបស់ក្រសួងសម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់នៅចំនួន ៤០លានលានរូពី (ប្រមាណជិត ២,៥ពាន់លានដុល្លារអាម៉េរិក) ដោយរួមបញ្ចូលទាំង ៦,៩លានលានរូពីសម្រាប់ការចំណាយទៅលើបុគ្គលិក ១,៣លានលានរូពីសម្រាប់ការចំណាយប្រតិបត្តិការ និង ៣១,៧២លានលានរូពីសម្រាប់ការចំណាយដែលមិនមែនជាប្រតិបត្តិការ។
ការបែងចែកថវិកាជាអាទិភាពត្រូវបានកំណត់សម្រាប់នាយកដ្ឋានសំខាន់ៗក្រោមក្រសួងកសិកម្មដើម្បីអនុវត្តគោលដៅយុទ្ធសាស្ត្រ។ អគ្គនាយកដ្ឋានធនធានទឹក និងដី នឹងទទួលបានថវិកាច្រើនជាងគេដោយមានចំនួន ១៥,៧លានលានរូពី ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើការស្តារ និងការពង្រីកប្រព័ន្ធធារាសាស្ត្រ។ បន្ទាប់មក គឺអគ្គនាយកដ្ឋានដំណាំឧស្សាហកម្មដែលនឹងទទួលថិវកាចំនួន ៥,៩៩លានលានរូពី និងអគ្គនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារកសិកម្ម ដែលនឹងទទួលថវិកាចំនួន ៤,៤២លានលានរូពី។
ការបង្កើនថវិកានេះធ្វើឡើងនៅពេលដែលប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទីបួនរបស់ពិភពលោក ប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀងដោយសារការកើនឡើងនៃបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួតដែលបណ្ដាលមកពីបាតុភូតអាកាសធាតុអ៊ែលនីណូ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។ លោករដ្ឋមន្ត្រី ស៊ូឡៃមេន បានគូសបញ្ជាក់ពីរបៀបវារៈដែលផ្តល់អាទិភាពដល់ទំនើបកម្មកសិកម្ម និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលក្រោមអាណត្តិរបស់លោក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





