ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បន្តឈរលើកំពូលតារាងពូល-ង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥--ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបបន្តឈរលើកំពូលតារាងក្នុងពូល ង បន្ទាប់ពីបានយកឈ្នះក្រុមព្រះវិហារស៊ីធី ដោយលទ្ធផល ៧-១ ខណៈក្រុមអាចរ្យលាក់ខេត្តកំពង់ធំរក្សាលទ្ធផលត្រឹមស្មើគ្នា ២-២ ជាមួយក្រុមខេត្តឧត្តរមានជ័យ នៅក្នុងការប្រកួតសន្សំពិន្ទុពូល ង កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ រដូវកាល ២០២៥-២០២៦។

នេះជា២ប្រកួត ដែលបំពេញការប្រកួតសម្រាប់សប្តាហ៍ទី២ ដែលបានលើកពេលកន្លងមក។ ឆ្លងកាត់២ប្រកួតដូចៗគ្នា ក្នុងពូល ង នេះ ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបឈ្នះទាំងពីរប្រកួត ទទួលបាន៦ពិន្ទុ ឈរលេខ១ ករុមអាចារ្យលាក់ខេត្តកំពង់ធំ ឈ្នះ១ និងស្មើ១ មាន៤ពិន្ទុ ឈរលេខ២ ខណៈក្រុមខេត្តឧត្តរមានជ័យ ស្មើ១ និងចាញ់១ មាន១ពិន្ទុ ឈរលេខ៣។ រីឯ២ប្រកួតរបស់ព្រះវិហារស៊ីធី ចាញ់ទាំង២ប្រកួត ឈរនៅបាតតារាង ក្នុងចំណោម៤ក្រុម ក្នុងពូល ង នេះ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ មានក្រុមតំណាងរាជធានីខេត្តសរុប ១៩ក្រុមចូលរួម ដោយចែកចេញជា៥ពូល ហើយដំណើរការប្រកួតវគ្គជម្រុះក្នុងពូលទាំង៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមទាំងអស់ក្នុងពូលទាំង៥ ត្រូវប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលរៀងៗខ្លួន ចំនួន២ជើង ក្នុងដី និងក្រៅដី ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងជុំបន្ត រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមជ័យលាភីថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតជម្រុះបន្តជាមួយក្រុមនានាដែលកំពុងឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ឬជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ១១ក្រុម ហៅថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕


ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





