ស្រីលង្ការឹបអូសបានអាវុធខុសច្បាប់ជាង ១.៦០០ដើមរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរប្រទេសស្រីលង្កាបានរឹបអូសអាវុធខុសច្បាប់ជាង ១.៦០០ដើមមកទល់ពេលនេះ។
អធិការនគរបាលក្រុងកូឡុមបូ លោក ព្រីយ៉ាន់ថា វីរ៉ាស៊ូរីយ៉ា (Priyantha Weerasooriya) បានថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី១៥៩ នៃទិវានគរបាលនៅទីក្រុងកូឡុមបូថា ក្រុមមន្រ្តីបានរឹបអូសបានអាវុធចំនួន ១.៦១២ដើមក្នុងអំឡុងពេលការបង្ក្រាបដែលកំពុងបន្ត។
លោកក៏បានកត់សម្គាល់ផងដែរថា មនុស្សចំនួន ១៧នាក់ដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំត្រូវបានធ្វើបត្យាប័នពីក្រៅប្រទេសចូលមកក្នុងប្រទេសស្រីលង្កានៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។
យោងតាមលោក វីរ៉ាស៊ូរីយ៉ា បានឱ្យដឹងថា ប្រតិបត្តិការរបស់ប៉ូលីសក្នុងឆ្នាំនេះបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន ១.៤១៦គីឡូក្រាម សារធាតុហេរ៉ូអ៊ីន ៩៤៦គីឡូក្រាម និងកញ្ឆា ១.២៨២គីឡូក្រាម រួមជាមួយនឹងសារធាតុញៀនផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





