លោក ស៊ី ជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីថ្ងៃពុធថា ក្នុងនាមជាប្រទេសធំៗនៅភាគខាងត្បូង ប្រទេសចិន និងឥណ្ឌូនេស៊ីគួរតែធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងដោយឯកតោភាគី ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។
លោក ស៊ី បានធ្វើការកត់សម្គាល់នៅក្នុងជំនួបរបស់លោកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ដែលកំពុងធ្វើដំណើរពិសេសទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
លោក ស៊ី បានកត់សម្គាល់ថា លោក ប្រាបូវ៉ូ បានធ្វើដំណើរមកកាន់ប្រទេសចិនដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបនេះ ទោះបីជាមានការលំបាកក៏ដោយ ដោយលោកបានបង្ហាញពីសារៈសំខាន់ដែលលោកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងចិន-ឥណ្ឌូនេស៊ី និងមិត្តភាពដ៏ស្មោះត្រង់របស់ប្រជាជនឥណ្ឌូនេស៊ីចំពោះប្រជាជនចិន។
លោក ស៊ី បាននិយាយថា ប្រទេសចិនគាំទ្រអភិបាលកិច្ចរបស់លោក ប្រាបូវ៉ូ ក្នុងការស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ និងស្ថិរភាពរបស់ប្រទេសឥណ្ឌូនេស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសឥណ្ឌូនេស៊ី។
លោក ស៊ី បានចង្អុលបង្ហាញថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិន និងឥណ្ឌូនេស៊ីតែងតែឆ្ពោះទៅមុខនូវស្មារតីឯករាជ្យ ប្រកាន់ខ្ជាប់នូវមាគ៌ានៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំៗក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាព។
លោក ប្រាបូវ៉ូ បាននិយាយថា ទំនាក់ទំនងជាមួយប្រទេសចិនគឺជាអាទិភាពខ្ពស់នៃគោលនយោបាយការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី លោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។
លោក ប្រាបូវ៉ូ បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យនានា រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





