លោក ពូទីន ហៅក្បួនដង្ហែព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងថាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- ព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជំនះលើប្រទេសជប៉ុនខាងយោធានិយមនៅទីក្រុងប៉េកាំង បានប្រព្រឹត្តទៅយ៉ាងត្រចះត្រចង់ និងកម្រិតខ្ពស់បំផុត ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយដូច្នេះនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងប៉េកាំង។
លោក ពូទីន បានកត់សម្គាល់ថា នៅពេលព្រឹក ពួកគេបានចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជំនះរបស់ប្រទេសចិន។ ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ប្រទេសចិនបានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅលើទីលានធានអានមិន។
លោក ពូទីន បានសង្កត់ធ្ងន់ថា «ព្រឹត្តិការណ៍ទាំងអស់នេះត្រូវបានប្រារព្ធឡើងយ៉ាងត្រចះត្រចង់ និងមានក្នុងកម្រិតខ្ពស់បំផុត»។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយបន្ថែមថា ការប្រារព្ធពិធីនេះ គឺពាក់ព័ន្ធដោយផ្ទាល់ទាំងរុស្ស៊ី និងកូរ៉េខាងជើង។ លោកបានសន្និដ្ឋានថា «ដោយសារតែប្រទេសរបស់យើងបានចូលរួមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងពួកហ្វាស៊ីសនិយម និងយោធានិយម»៕
ដោយ: យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





