លោក ពូទីន៖ រុស្ស៊ី និងវៀតណាមចែករំលែកទំនាក់ទំនងក្នុងការជួយគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- នៅក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោក លួង កួង (Luong Cuong) នៅទីក្រុងប៉េកាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាពិសេសរវាងរុស្ស៊ី និងវៀតណាម។
លោក ពូទីន បានបញ្ជាក់ថា «ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត»។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ សម្ព័ន្ធភាពយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពនៃជំនួយទៅវិញទៅមកត្រូវបានអភិវឌ្ឍន៍រវាងវៀតណាម និងរុស្ស៊ី។
ដោយសម្តែងក្តីរីករាយក្នុងឱកាសជួបជាមួយលោកប្រធានាធិបតី លួង កួង ចំពេលនៃការប្រារព្ធពិធីនៅក្នុងប្រទេសចិន លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំរីករាយណាស់ដែលមានឱកាសនេះដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់យើងលើគ្រប់វិស័យ។ ខ្ញុំក៏ចងចាំនូវការស្វាគមន៍យ៉ាងកក់ក្តៅដែលគណៈប្រតិភូរបស់យើងទទួលបាននៅវៀតណាមផងដែរ»។
លើសពីនេះទៀត លោក ពូទីន បានអបអរសាទរចំពោះប្រទេសវៀតណាមក្នុងខួបលើកទី៨០ នៃការប្រកាសឯករាជ្យរបស់ខ្លួនដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី០២ ខែកញ្ញា៕
ដោយ: យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





