U23 កម្ពុជា និងអូម៉ង់ ស្មើ ០-០ ខណៈអ៊ីរ៉ាក់ឈ្នះប៉ាគីស្ថាន ៨-១ វគ្គជម្រុះពូល G ពាន AFC U23 Asian Cup
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោម២៣ឆ្នាំ (U23) និងក្រុម U23 អូម៉ង់ រក្សាបានត្រឹមលទ្ធផលស្មើគ្នា ០ទល់០ ខណៈក្រុមអ៊ីរ៉ាក់យកឈ្នះក្រុមប៉ាគីស្ថាន ៨-១ នៅក្នុងការប្រកួតបើកឆាក ក្នុងពូល G កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៃពានរង្វាន់ក្រោម២៣ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U23 Asian Cup Saudi Arabia 2026)។

នៅក្នុងការប្រកួតដំបូងក្រោមដំណក់ទឹកភ្លៀងយ៉ាងខ្លាំងនេះ ម្ចាស់ផ្ទះប្រចាំពូល G ក្រុម U23 កម្ពុជា និងក្រុម U23 អូម៉ង់ មិនអាចស្វែងរក៣ពិន្ទុបានឡើយ ដោយក្រុមជម្រើសជាតិទាំងពីររក្សាបានត្រឹមលទ្ធផលស្មើគ្នា ០-០ ដោយក្រុមកម្ពុជា និងក្រុមអូម៉ង់ទទួលបាន១ពិន្ទុដូចគ្នា ក្នុងការប្រកួតនេះ។ ដោយឡែក១ប្រកួតទៀត ក្នុងវគ្គចម្រុះពូល G នេះដែរ គឺក្រុម U23 អ៊ីរ៉ាក់រកបាន៣ពិន្ទុពីក្រុម U23 ប៉ាគីស្ថាន បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ៨-១។ ជាមួយនឹងជ័យជម្នះ១ប្រកួតដំបូងនេះ ធ្វើឱ្យក្រុមអ៊ីរ៉ាក់ ឈរលើកំពូលតារាងបណ្តោះអាសន្ន ជាមួយ៣ពិន្ទុ ខណៈកម្ពុជាឈរនៅលេខ២ រីឯអ៉ូម៉ង់ ឈរលេខ៣ ហើយក្រុមប៉ាគីស្ថាន ឈរលេខ៤ ក្រោយរបូតគ្រាប់បាល់រហូតដល់៧គ្រាប់ជាមួយក្រុមអ៊ីរ៉ាក់។

២ប្រកួតបន្ទាប់របស់ក្រុមU23 កម្ពុជាត្រូវបន្តប៉ះក្រុមប៉ាគីស្ថាន នាថ្ងៃទី០៦ ខែកញ្ញា និងចុងក្រោយប្រជែងជាមួយក្រុមអ៊ីរ៉ាក់ ដោយ២ប្រកួតនេះត្រូវធ្វើឡើងនៅវេលាម៉ោង៧យប់ដូចៗគ្នា។

គួរបញ្ជាក់ថា សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 មាន៤៤ក្រុមចូលរួម ដោយបែងចែកជា១១ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង១១ គឺក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ស្មើនឹង១១ក្រុម បូកនឹងក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេចំនួន៤ក្រុមទៀតនឹងត្រូវបានឡើងទៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៦ខាងមុខ ជាមួយក្រុម U23 អារ៉ាប់ប៊ីសាអូឌីត ដែលឈររង់ចាំស្រាប់ក្នុងនាមជាម្ចាស់ផ្ទះនៅជុំផ្តាច់ព្រ័ត្រ សរុប១៦ក្រុម៕

ដោយ ហេង ណាលីន រូបភាព៖ (FFC)





