មន្ត្រីជាន់ខ្ពស់ចិនជួបជាមួយប្រធានាធិបតីម៉ាល់ឌីវ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់ចិន លោក លី ស៊ី (Li Xi) បានជួបជាមួយប្រធានាធិបតីម៉ាល់ឌីវ លោក ម៉ូហាមេដ មីហ្សហ្ស៊ូ (Mohamed Muizzu) កាលពីថ្ងៃអង្គារ ដែលលោកកំពុងស្នាក់នៅក្នុងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥ ក៏ដូចជាការរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
លោក លី សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស CPC សម្រាប់ការត្រួតពិនិត្យវិន័យបាននិយាយថា ប្រទេសចិនសរសើរការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកប្រធានាធិបតី មីហ្សហ្ស៊ូចំពោះគោលនយោបាយមិត្តភាពចំពោះប្រទេសចិន និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសម៉ាល់ឌីវ ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន បង្កើនការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងកសាងសហគមន៍ចិន-ម៉ាល់ឌីវ ជាមួយនឹងអនាគតរួមគ្នា។
លោក លី បានណែនាំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញទំនើបភាវូបនីយកម្មរបស់ប្រទេសចិន និងពង្រឹងការគ្រប់គ្រងស្វ័យភាពរបស់បក្សយ៉ាងពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ាល់ឌីវក្នុងវិស័យពាក់ព័ន្ធ។
លោក មីហ្សហ្ស៊ូ បាននិយាយថា ប្រទេសម៉ាល់ឌីវ និងចិនតែងតែគោរព និងគាំទ្រគ្នាទៅវិញទៅមក ហើយប្រទេសម៉ាល់ឌីវនឹងបន្តឈរជើងយ៉ាងរឹងមាំជាមួយប្រទេសចិន។ លោកទន្ទឹងរង់ចាំចូលរួមក្នុងពិធីនេះដល់ថ្ងៃពុធ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





