លោក ស៊ី ជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សាហ៍បាហ្ស សារីហ្វ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) កាលពីថ្ងៃអង្គារ។
លោក ស៊ី បាននិយាយថា ទំនាក់ទំនងចិន-ប៉ាគីស្ថានដ៏រឹងមាំគឺអំណោយផលដល់ការការពារសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរគួរតែពន្លឿនការកសាងសហគមន៍ចិន-ប៉ាគីស្ថាន ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
លោក ស៊ី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសប៉ាគីស្ថានដើម្បីបង្កើតកំណែថ្មីនៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ប៉ាគីស្ថានហើយលោកសង្ឃឹមថា ប្រទេសប៉ាគីស្ថាននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពបុគ្គលិក គម្រោង និងស្ថាប័នរបស់ប្រទេសចិននៅក្នុងប្រទេសប៉ាគីស្ថាន។
លោក សារីហ្វ បាននិយាយថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលស្នើឡើងដោយលោក ស៊ី មានសារសំខាន់សម្រាប់សន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពពិភពលោក ហើយប្រទេសប៉ាគីស្ថាននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងសកម្មដើម្បីអនុវត្តវា។
លោក សារីហ្វ បាននិយាយថា ប្រទេសប៉ាគីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយទន្ទឹងរង់ចាំការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយសន្យាថានឹងខិតខំប្រឹងប្រែងក្នុងការធានាសុវត្ថិភាពដល់បុគ្គលិក គម្រោង និងស្ថាប័នទាំងអស់របស់ប្រទេសចិននៅក្នុងប្រទេសប៉ាគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





