រដ្ឋមន្ត្រីការបរទេស៖ ប្រទេសប៊ែលហ្សិកនឹងទទួលស្គាល់ប៉ាឡេស្ទីននៅមហាសន្និបាតអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសប៊ែលហ្ស៊ិកនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅចុងខែនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក លោក ម៉ាស៊ីម ប្រេវ៉ូត (Maxime Prevot) បានប្រកាសកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) របស់សហរដ្ឋអាមេរិក លោក ប្រេវ៉ូត បាននិយាយថា ប៊ែលហ្សិកនឹងចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ខណៈដែលនឹងអនុម័តកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល។
លោកបានសរសេរថា «ទណ្ឌកម្មយ៉ាងតឹងរ៉ឹងកំពុងត្រូវបានដាក់លើរដ្ឋាភិបាលអ៊ីស្រាអែល។ រាល់ការប្រឆាំងសាសនា ឬការលើកតម្កើងអំពើភេរវកម្មដោយអ្នកគាំទ្រក្រុមហាម៉ាស់ក៏នឹងត្រូវបានថ្កោលទោសយ៉ាងខ្លាំងផងដែរ»។
លោក ប្រេវ៉ូត បានសង្កត់ធ្ងន់ថា ជំហាននេះមានន័យដើម្បីលើកកម្ពស់ច្បាប់អន្តរជាតិ មិនមែនជាការដាក់ទណ្ឌកម្មលើពលរដ្ឋអ៊ីស្រាអែលទេ។
សេចក្តីសម្រេចរបស់ប៊ែលហ្ស៊ិកនេះកើតឡើងនៅពេលដែលប្រទេសមួយចំនួន ដែលរួមមានប្រទេសបារាំង ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី បានប្រកាសអំពីផែនការស្រដៀងគ្នានេះក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
អ៊ីស្រាអែលបន្តកាន់កាប់ទឹកដីប៉ាឡេស្ទីន ហើយបដិសេធការដកខ្លួនចេញដើម្បីអនុញ្ញាតឱ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាមួយយេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាខ្លួនកំពុងលុបចោលទិដ្ឋាការសម្រាប់សមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន(PLO) និងអាជ្ញាធរប៉ាឡេស្ទីន (PA) មុនពេលការជួបជុំគ្នានេះ។
ចំណាត់ការនេះបានកើតឡើងចំពេលមានការផ្ទុះកំហឹងជាសកលជុំវិញការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបដែលជនជាតិប៉ាឡេស្ទីនជាង ៦៣.៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងលើដី ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ការបិទផ្លូវទាំងស្រុងរបស់អ៊ីស្រាអែលចំពោះតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីដើមខែមីនាមក បានបង្កើតលក្ខខណ្ឌមហន្តរាយសម្រាប់ប្រជាជនចំនួន ២,៤លាននាក់ ដែលនាំឱ្យមានគ្រោះទុរ្ភិក្ស ជំងឺរីករាលដាល និងការដួលរលំនៃសេវាកម្មសំខាន់ៗ។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូវ ហ្កាល់លែនត៍ (Yoav Gallant) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





