កិច្ចប្រជុំកំពូលអង្គការប្រតិបត្តិការសៀងហៃ គឺជាយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងទៀនជីនរបស់ប្រទេសចិនត្រូវបានកំណត់ថានឹងក្លាយទៅជាព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ក្រុមប្រទេសនេះនិងការឈានទៅដល់អន្តរជាតិ ហើយនេះជាលើកទីប្រាំហើយចាប់តាំងពីការបង្កើតអង្គការនេះឡើងកាលពីក្នុងឆ្នាំ២០០១ ដែលប្រទេសចិនបានកាន់តំណែងជាប្រធាន SCO។

SCO គឺជាអង្គការពហុភាគីដ៏ទូលំទូលាយមួយ។ ពាណិជ្ជកម្មរវាងប្រទេសចិន និងរដ្ឋជាសមាជិក SCO ឥឡូវនេះមានលើសពី ៥១២ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំប្រហែល ៣%។សន្ទុះសេដ្ឋកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសចិនជាមួយបណ្តាប្រទេសនៃអង្គការ SCO និងការលើកកម្ពស់បណ្តាញពាណិជ្ជកម្មដ៏រឹងមាំនៅទូទាំងតំបន់អឺរ៉ាស៊ី។
ដោយគូសបញ្ជាក់អំពីមាត្រដ្ឋានរបស់ SCO លោក ម៉ាលីក អាយុប សាំបល (Malik Ayub Sumbal) អ្នកវិភាគភូមិសាស្ត្រនយោបាយដ៏ល្បី និងជាអ្នកអធិប្បាយរបស់សារព័ត៌មាន CGTN ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានសង្កេតឃើញថា «វាគឺជាអង្គការក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក ដែលតំណាងឱ្យ ៤២% នៃចំនួនប្រជាជនសរុបរបស់ពិភពលោកនិង ៦៥% នៃចំនួនប្រជាជនក្នុងតំបន់អឺរ៉ាស៊ី។ សេដ្ឋកិច្ចរបស់ក្រុមប្រទេសនេះបានរួមចំណែកប្រមាណជិត ២៣% ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលធ្វើឱ្យវាក្លាយជាតួអង្គដ៏សំខាន់មួយនៅលើឆាកពិភពលោក»។
លោកបានគូសបញ្ជាក់ថា តួនាទីរបស់អង្គការ SCO មានហួសពីវិស័យសន្តិសុខដែលជាអាទិភាពដំបូងរបស់វានៅពេលដែលត្រូវបានបង្កើតឡើង។ លោកបាននិយាយថា «នៅថ្ងៃនេះ អាទិភាពរបស់អង្គការនេះរួមមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌។ ការវិវត្តន៍នេះបានធ្វើឱ្យអង្គការ SCO ក្លាយជាវេទិកាពហុភាគីមួយសម្រាប់កិច្ចសហការ និងជាកត្តាជំរុញនៃទម្ងន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់តំបន់អឺរ៉ាស៊ី»។
លោក សាំបល ក៏បានចង្អុលបង្ហាញផងដែរអំពីទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋជាសមាជិកដែលមានប្រមាណពី ២០-២៥% នៃទុនបម្រុងឧស្ម័នធម្មជាតិរបស់ពិភពលោក។ ភាពសម្បូរបែបនេះបានបង្រួបបង្រួមតួនាទីរបស់ SCO នៅក្នុងទីផ្សារថាមពលសកលលោក ដែលធ្វើឱ្យវាក្លាយជាប្លុកភូមិសាស្ត្រនយោបាយដ៏សំខាន់ជាមួយនឹងមានឥទ្ធិពលលាតសន្ធឹងលើសពីថ្នាក់តំបន់។
ទាក់ទងនឹងកិច្ចប្រជុំកំពូលនាពេលនេះ លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ខ្លួនថា «កិច្ចប្រជុំកំពូលទៀនជីន កំពុងត្រូវបានមើលឃើញនូវការចូលរួមដែលមិនធ្លាប់មានពីមុនមក។ ការចាប់អារម្មណ៍ពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងសកលលោកភាគខាងត្បូងបានបង្ហាញថាអង្គការ SCO កំពុងក្លាយជាមជ្ឈមណ្ឌលដ៏ទាក់ទាញសម្រាប់ភាពជាដៃគូថ្មីឱកាសវិនិយោគ និងការចូលរួមផ្នែកភូមិសាស្ត្រនយោបាយ»។
ដោយសម្លឹងឆ្ពោះទៅមុខ លោក សាំបល បានគូសបញ្ជាក់ពីតំណែងជាប្រធានអង្គការនេះរបស់ប្រទេសចិន ថាជាឱកាសមួយដើម្បីជំរុញកំណើនដែលត្រូវបានជំរុញដោយការបង្កើតថ្មី។ លោកបានបន្ថែមថា «ប្រទេចិនត្រូវបានគេរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យថាមពលបៃតង និងបញ្ញាសិប្បនិមិ្មត (AI) ព្រមទាំងពង្រឹងភាពធន់នឹងស្ថាប័ន ខណៈដែលពង្រីកបន្ថែមនូវទិដ្ឋភាពសេដ្ឋកិច្ច»។
លោកបាននិយាយថា «តាមរយៈការលើកកម្ពស់ថាមពលប្រកបដោយចីរភាព នវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងការតភ្ជាប់ ប្រទេសចិន និងសមាជិក SCO កំពុងបង្កើតតំបន់អឺរ៉ាស៊ីប្រកបដោយវិបុលភាព និងសុវត្ថិភាព។ ទម្រង់រីកចម្រើនរបស់ SCO បានបង្ហាញថា កិច្ចសហប្រតិបត្តិការពហុភាគីអាចជាកម្លាំងពិតប្រាកដសម្រាប់ស្ថិរភាព និងការអភិវឌ្ឍពិភពលោក»
ដោយ៖ យា ចិន្ដាខន្ដ





