ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស ៣១នាក់នៅប្រទេសប៉ាគីស្ថានក្នុងរយៈពេល ២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយកាលពីថ្ងៃចន្ទថា ឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតមនុស្ស ៣១នាក់ និងរបួស ២៦នាក់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ។
នៅក្នុងខេត្តពុនចាប់ ភាគខាងកើតបានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយមនុស្ស ២៥ នាក់បានបាត់បង់ជីវិតក្នុងនោះមានកុមារ ៨នាក់ និងស្ត្រី ២នាក់ផងដែរ។ ការស្លាប់ចំនួន ៤នាក់ត្រូវបានរាយការណ៍ពីខេត្តឃីប័រ ប៉ាកទុនខ្វា ភាគពាយព្យ ខណៈដែលកុមារម្នាក់បានស្លាប់នៅភាគនិរតីក្នុងខេត្តបាឡូជីស្ថាន។ ជនរងគ្រោះម្នាក់ក៏ត្រូវបានកត់ត្រាផងដែរនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។
ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះដែលអាចបង្កើនហានិភ័យនៃទឹកជំនន់ និងការបាក់ដី។ អាជ្ញាធរបន្តតាមដានស្ថានការណ៍ ខណៈអាកាសធាតុនៅតែប្រែប្រួលក្នុងតំបន់ខ្លះនៃប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





