ទាហាននីហ្សេរីយ៉ាបានសម្លាប់ជនសង្ស័យជាភេរវករ ១២នាក់ក្នុងការវាយឆ្មក់រយៈពេល ២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនភេរវករចំនួន១២នាក់ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ដោយទាហាននីហ្សេរីយ៉ាក្នុងការវាយឆ្មក់ដែលផ្តោតលើកន្លែងលាក់ខ្លួននៅក្នុងរដ្ឋប័រណូ និងរដ្ឋយូប ភាគឦសានរបស់ប្រទេស។
ទីភ្នាក់ងារព័ត៌មានរដ្ឋនីហ្សេរីយ៉ា (NAN) បានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការមួយនៅឯទីស្នាក់ការកណ្តាលកងទ័ពថា ការវាយឆ្មក់យោធាបានវាយប្រហារលើតំបន់ដែលត្រូវបានកំណត់អត្តសញ្ញាណមួយនៃក្រុមភេរវកររដ្ឋឥស្លាមនៅទ្វីបអាហ្វ្រិកខាងលិចនៅរដ្ឋប័រណូ និងរដ្ឋយូបនៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍។
ប្រតិបត្តិការនេះបានធ្វើឡើងតាមការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើលនិងឈ្លបយកការណ៍ពីកងកម្លាំងអាកាសនីហ្សេរីយ៉ា ខណៈដែលកងទ័ពជើងគោកបានវាយប្រហារទៅលើក្រុមភេរវករដែលសង្ស័យនៅក្នុងទីតាំងរបស់ពួកគេនៃ «សមរភូមិកាំភ្លើងធំ»។
ប្រភពបាននិយាយថា «ប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីភាពរឹងមាំជាថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មដែលកំពុងបន្ត» ដោយប្រភពបានបន្ថែមថា អាវុធ និងគ្រាប់រំសេវក៏ត្រូវបានដកហូតពីក្រុមភេរវករដែលសង្ស័យផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





