ទីប្រឹក្សានយោបាយកំពូលចិនជួបនាយករដ្ឋមន្ត្រីវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ទីប្រឹក្សានយោបាយកំពូលចិន លោក វ៉ាង ហ៊ូនីង (Wang Huning) បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក វ៉ាង ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បាននិយាយថា លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិនបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងឆ្នាំនេះ ដោយលោកបានបញ្ជាក់ពីការពង្រឹងសហគមន៍ចិន-វៀតណាមឱ្យកាន់តែស៊ីជម្រៅជាមួយនឹងអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសវៀតណាមដើម្បីពន្លឿនការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗយ៉ាងទូលំទូលាយ។
លោក វ៉ាង បានបន្ថែមថា គណៈកម្មាធិការជាតិ CPPCC មានឆន្ទៈធ្វើការជាមួយភាគីវៀតណាមដើម្បីរួមគ្នាជំរុញការកសាងសហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នា។
ចំណែកលោក ផាម មិញជិញ បាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់ប្រទេសវៀតណាម ដោយលោកបានបន្ថែមថា ប្រទេសវៀតណាមកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសចិនក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។
លោកបានមានប្រសាសន៍ថា ប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិនដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកម្រិតថ្មី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





